(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃចន្ទ ទី៨ ខែមករា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាក្នុងពេលបច្ចុប្បន្ន ខ្លួនមិនមានផែនការ ដកកងទ័ពអាមេរិកជាង ២,៥០០នាក់ចេញពីប្រទេសអ៉ីរ៉ាក់នោះទេ បើទោះជាទីក្រុងបាកដាដបានប្រកាសកាលពីសប្ដាហ៍មុនថានឹងចាប់ផ្ដើម នីតិវីធីដកកងទ័ពក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកចេញពីប្រទេសរបស់ខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ក្នុងពេលបច្ចុប្បន្ន ខ្ញុំមិនបានដឹងទេពី ផែនការណាមួយ (ដើម្បីដកកងទ័ពអាមេរិក)។ យើងនឹងបន្តផ្ដោតលើបេសកកម្មកម្ចាត់ក្រុម ISIS»។ អ្នកនាំពាក្យរូបនេះបន្ថែមថា កងកម្លាំងអាមេរិកបានឈរជើងនៅក្នុងប្រទេសអ៉ីរ៉ាក់ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលអ៉ីរ៉ាក់ ហើយថាលោកផ្ទាល់ក៏មិនបានដឹងនោះដែរពី ការជូនដំណឹងរបស់ទីក្រុងបាកដាដទៅកាន់ក្រសួងការពារជាតិអាមេរិក អំពីការសម្រេចចិត្តដកកងទ័ពអាមេរិកចេញនោះឡើយ ដោយលោកបង្វែរឱ្យអ្នកសារព័ត៌មានទៅសាកសួរក្រសួងការបរទេសអាមេរិកវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក Mohammed Shia al-Sudani ប្រកាសថាខ្លួននឹង ដំណើរការនីតិវិធីបណ្ដេញកងទ័ពអាមេរិក រួមទាំងក្រុមចម្រុះចេញពីទឹកដីអ៉ីរ៉ាក់ បន្ទាប់ពីការវាយប្រហារដោយយន្ដហោះដ្រូនរបស់អាមេរិកក្នុង ទីក្រុងបាកដាដ។ បើតាមមន្ទីរបញ្ចកោណ ការវាយប្រហារនេះបានសម្លាប់មេដឹកនាំកងជីវពលម្នាក់ដែលអាមេរិកចោទថាជាអ្នកទទួលខុសត្រូវ លើការវាយប្រហារលើកងទ័ពអាមេរិក។ ប៉ុន្តែ អ៉ីរ៉ាក់បានថ្កោលទោស និងចាត់ទុកការវាយប្រហាររបស់អាមេរិកជាការបំពានលើអធិបតេយ្យ របស់ខ្លួន៕

រូបភាពពី AFP