(វ៉ាស៊ីនតោន)៖ ស្ថានទូតអាមេរិកប្រចាំនៅទីករុង Sarajevo បាននិយាយថា យន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងនឹងហោះហើរពីលើប្រទេសបូស្នៀ (Bosnia) នៅថ្ងៃចន្ទ ទី៨ ខែមករា ដើម្បីបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះបូរណភាពទឹកដីរបស់ប្រទេសចនេះចំពោះមុខ «សកម្មភាពអបគមន៍» ដោយជនជាតិស៊ែប ដែលបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាព Dayton ដែលបានអនុម័តនៅក្នុង ឆ្នាំ​១៩៩០។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។

ស្ថានទូតអាមេរិកក្នុងទីក្រុង Sarajevo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហោះហើរពីលើអាកាស នឹងជាផ្នែកមួយនៃសមយុទ្ធអាកាសទ្វេភាគី ដែលធ្វើឡើងជាមួយកងកម្លាំងប្រដាប់អាវុធជាតិបូស្នៀ នៅក្នុងតំបន់នៃបាល់កង់ភាគខាងជើង។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក បានកត់សម្គាល់ការពុះកញ្ជ្រោលសកម្មភាពបំបែកខ្លួនជាថ្មី ដោយ លោក Milorad Dodik មេដឹកនាំជាតិនិយមគាំទ្ររុស្ស៊ីនៃតំបន់បូស្នៀ-ស៊ែបក្រោយសង្រ្គាម ដែលបានអំពាវនាវជាយូរមក ហើយ ឱ្យធ្វើអបគមន៍ និងចូលរួមកងកម្លាំងជាមួយសម្ព័ន្ធមិត្តជិតខាងស៊ែប៊ី។

សេចក្តីថ្លែងការណ៍បាននិយាយថា «សមយុទ្ធទ្វេភាគី នេះគឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការយោធាកម្រិតខ្ពស់ ដែលរួមចំណែកដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់បាល់កង់ខាងលិច ហើយបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធានាបូរណភាពទឹកដីនៃប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា និងបញ្ជៀសសកម្មភាពបំបែកខ្លួន»

សេចក្តីថ្លែងការណ៍បានបន្ថែមថា «សហរដ្ឋអាមេរិកសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញនៃប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា មិនផ្តល់សិទ្ធិក្នុងការបំបែកខ្លួនទេ ហើយនឹងចាត់វិធានការប្រសិនបើអ្នកណាម្នាក់ព្យាយាមផ្លាស់ប្តូរធាតុជាមូលដ្ឋានរបស់ Dayton»

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានសម្របសម្រួលកិច្ចព្រមព្រៀង Dayton ដែលបានបញ្ចប់សង្គ្រាមបូស្នៀដែលបានកើតឡើងរវាងឆ្នាំ ១៩៩២-១៩៩៥ ដែលក្នុងនោះមនុស្សប្រហែល ១០០,០០០ នាក់ត្រូវបានសម្លាប់ និងពីរលាននាក់ត្រូវបានផ្លាស់ទីលំនៅ។ សន្ធិសញ្ញានេះបានបែងចែកបូស្នៀទៅជាសាធារណរដ្ឋស៊ែប៊ី (RS) និងរដ្ឋសហព័ន្ធដែលចែករំលែកដោយ Croats និង Bosniaks៕

រូបភាពពី Reuters