(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅថ្ងៃចន្ទសប្តាហ៍នេះបានបរិហារអំពីការប្រើ «ស្តង់ដារពីរ» របស់បស្ចិមប្រទេសលើតំបន់ហ្គាហ្សា ហើយបានសន្យាបន្តគាំទ្រដល់ប៉ាឡេស្ទីន។ នេះបើយោងតាមាការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។

ឥណ្ឌូណេស៊ីតែងតែជាអ្នកគាំទ្រប៉ាឡេស្ទីនយ៉ាងម៉ឺងម៉ាត់ ខណៈដែលប្រជាជន និងរដ្ឋាភិបាលរបស់ខ្លួនមើលឃើញថា ការបង្កើតរដ្ឋប៉ាឡេស្ទីនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ជារឿងអាទិភាព និងបានអំពាវនាវឱ្យលុបបំបាត់អាណានិគមនិយម។

ចាប់តាំងពីការទម្លាក់គ្រាប់បែករបស់ទីក្រុង Tel Aviv ទៅលើតំបន់ Gaza បានកើនឡើងកាលពីដើមខែតុលាមក រដ្ឋាភិបាលឥណ្ឌូនេស៊ីបានថ្កោលទោសចំពោះអំពើហឹង្សារបស់អ៊ីស្រាអែល ខណៈពេលដែលកំពុងប្រមូលផ្តុំគ្នាគាំទ្រអន្តរជាតិផងដែរ។

យុទ្ធនាការយោធារបស់អ៊ីស្រាអែល ដែលកំពុងបន្តចាប់តាំងពីពេលនោះមកបា ននាំឱ្យមានការសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២២,០០០ នាក់ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងភាគច្រើននៅក្នុងតំបន់ស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ។

លោកស្រី Marsudi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ប្រចាំឆ្នាំរបស់ខ្លួនដូច្នេះថា «ករណីរបស់ប៉ាឡេស្ទីនបានបង្ហាញពីស្តង់ដារពីរ នៃប្រទេសមួយចំនួនក្នុងពិភពលោក ជាពិសេសប្រទេសនៃសកលលោកខាងជើង»

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីរូបនេះបានសង្កត់ធ្ងន់ថា «ប្រទេសនៃសកលលោកខាងជើងបានស្ងប់ស្ងាត់ភ្លាមៗ នៅពេលដែលពួកគេមើលការរំលោភបំពានមនុស្សធម៌។ តើការបង្រៀនទាំងអស់ដែលពួកគេតែងតែនិយាយ អំពីសិទ្ធិមនុស្សទៅឯណាអស់ហើយ? តើប៉ាឡេស្ទីនមិនមានសិទ្ធិដូចប្រទេសដទៃទៀតទេឬ? ហេតុអ្វីបានជាប្រជាជាតិប៉ាឡេស្ទីនហាក់ដូចជា មានតម្លៃទាបជាងយើង?»

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីគឺជាសមាជិកនៃគណៈរដ្ឋមន្ត្រីមួយ ដែលត្រូវបានតែងតាំងដោយកិច្ចប្រជុំកំពូលរួមពិសេសអារ៉ាប់-អ៊ីស្លាមកាលពីខែវិច្ឆិកា ដើម្បីជំរុញឱ្យមានការបញ្ចប់ការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។

គណៈកម្មាធិការដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan បានជួបជាមួយមន្ត្រីតំណាងឱ្យសមាជិកអចិន្ត្រៃយ៍ទាំងប្រាំប្រទេស នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបង្កើនសម្ពាធលើលោកខាងលិច និងបដិសេធហេតុផលរបស់អ៊ីស្រាអែលចំពោះការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាជាការការពារខ្លួន៕

រូបភាពពី AP