(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវគេជឿថា ទំនងជាបានឈានចូលវ័យ៤០ឆ្នាំហើយ នៅថ្ងៃចន្ទនេះ ប៉ុន្តែ​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋប្រទេសកូរ៉េខាងជើង នៅតែបន្តទម្លាប់ស្ងាត់ស្ងៀម ជាយូរមកហើយរបស់ខ្លួន ជុំវិញថ្ងៃខួបកំណើតរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

ថ្ងៃខួបកំណើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ ត្រូវគេជឿថា គឺថ្ងៃទី៨ ខែមករា ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងជើង មិនដែលទទួលស្គាល់ជាផ្លូវការ ចំពោះកាលបរិច្ឆេទនេះទេ។ ចំណែក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានកំណត់១៩៨៤ ជាឆ្នាំកំណើតរបស់លោក គីម ដែលមានន័យថា រូបលោកឈានដល់វ័យ៤០ឆ្នាំហើយ ក្នុងឆ្នាំនេះ។

ដោយឡែក ថ្ងៃកំណើតរបស់ឪពុកនិងជីតាលោក គឺលោក គីម ជុងអ៉ីល និងលោក គីម អ៉ីលស៊ុង ដែលជាអតីតមេដឹកនាំកូរ៉េខាងជើង គឺជាថ្ងៃបុណ្យជាតិឈប់សម្រាក នៅទូទាំងប្រទេសកូរ៉េមួយនេះ។ យ៉ាងណាមិញ ថ្ងៃកំណើតសន្និដ្ឋានរបស់លោក គីម ជុងអ៊ុន តែងតែរំលងផុតទៅដោយស្ងៀមស្ងាត់ ប្រៀបដូចជាថ្ងៃធម្មតាយ៉ាងដូច្នោះ គឺពុំមានការលើកឡើងអ្វីទាំងអស់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឬនៅលើប្រតិទិនរបស់ប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២០ អាជ្ញាធរកូរ៉េខាងជើង ធ្លាប់បានត្រឹមទទួលស្គាល់ថា លោក គីម ទទួលបានសារជូនពរថ្ងៃកំណើត ​ពីសំណាក់លោក ដូណាល់ ត្រាំ ដែលកាលនោះនៅជាប្រធានាធិបតីអាមេរិក ប៉ុន្តែគ្មានការលើកឡើងអំពីកាលបរិច្ឆេទឱ្យប្រាកដនោះទេ។ សម្រាប់ឆ្នាំនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ បានបង្ហាញរូបភាពលោក គីម ធ្វើទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមសត្វមាន់មួយន្លែង ជាមួយកូនស្រីលោក ហើយនិងក្រុមមន្រ្តីជាន់ខ្ពស់៕

រូបភាពពី Reuters