(វ៉ាស៉ីនតោន)៖ យានរ៉ូបូតរបស់សហរដ្ឋអាមេរិក ដែលនឹងទៅធ្វើការព្យាយាមចុះចត នៅលើឋានព្រះចន្ទជាលើកដំបូងបំផុត គិតក្នុងរយៈពេលកន្លះសតវត្សរ៍ គឺត្រូវបានបញ្ជូនចេញពីផ្ទៃផែនដីនៅថ្ងៃចន្ទនេះ ខណៈវាគឺជាបេសកកម្ម ស្ថិតក្រោមការដឹកនាំរបស់ឧស្សាហកម្មឯកជន មិនមែនរដ្ឋាភិបាលអាមេរិកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។
រ៉ុក្កែតប្រភេទថ្មីសន្លាង ឈ្មោះ Vulcan Centaur របស់ក្រុមហ៊ុន United Launch Alliance បានហោះចាកចេញពីរដ្ឋ Florida កាលពីវេលាម៉ោង២៖១៨នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី៨ ខែមករា (ម៉ោងក្នុងតំបន់នៅអាមេរិក) ក្នុងបេសកកម្មលើកទីមួយរបស់វា និងមានផ្ទុកយានរ៉ូបូតឈ្មោះថា Peregrine ផលិតឡើងដោយក្រុមហ៊ុន Astrobotic Technology។ បេសកកម្មនេះ ប្រព្រឹត្តទៅក្រោមកម្មវិធី Commercial Lunar Payload Services (CLPS) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ យោងតាមផែនការ យាន Peregrine នឹងទៅចុះទៅដល់តំបន់មួយនៃផ្ទៃព្រះចន្ទ ហៅថា Sinus Viscositatis នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំនេះ។
គួរបញ្ជាក់ថា មកទល់ឥឡូវ មានតែទីភ្នាក់ងារអវកាសនៃរដ្ឋាភិបាលប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលបានទទួលជោគជ័យ ក្នុងការបញ្ជូនយានរ៉ូបូតទៅចុះចតដល់លើផ្ទៃព្រះចន្ទ។ ក្នុងចំណោមនោះ អតីតសហភាពសូវៀត (រុស្ស៉ី) ជាអ្នកសម្រេចបានដំបូងគេកាលពីឆ្នាំ១៩៩៦ ហើយបន្ទាប់មកទៀត សហរដ្ឋអាមេរិកដែលនៅបន្តជាប្រទេសតែមួយគត់លើលោក ដែលបាននាំមនុស្សទៅដល់ទីនោះ ថែមទៀតផង។ ចំណែក ចិនវិញបានទទួលជោគជ័យ៣លើក អំលុងមួយទសវត្សរ៍កន្លងមកនេះ ខណៈឥណ្ឌាគឺជាអ្នកសម្រេចបានជោគជ័យនេះ ចុងក្រោយគេ ក្នុងការប៉ុនប៉ងលើកទី២របស់ខ្លួន កាលពីឆ្នាំមុន៕
រូបភាពពី Reuters