(តូក្យូ)៖ នៅរសៀលថ្ងៃចន្ទនេះ អាជ្ញាធរខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន បានប្រកាសពីតួលេខថ្មី នៃអ្នកបាត់ខ្លួនដោយសារគ្រោះរញ្ជួយដី៧.៦រ៉ិទ័រ ដែលបានវាយប្រហារកាលពីថ្ងៃឆ្លងឆ្នាំសកល គឺកើនដល់៣២៣នាក់ ខណៈតួលេខអ្នកស្លាប់កើនដល់១៦៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។
វាគឺជាការធ្វើបច្ចុប្បន្នភាពលើ តួលេខអ្នកស្លាប់និងបាត់ខ្លួន ដែលកាលពីព្រឹកថ្ងៃចន្ទនេះ ស្ថិតនៅ១៦១នាក់ស្លាប់ និង១០៣នាក់បាត់ខ្លួន។ រីឯផ្ទះសម្បែងប្រហែល១៨,០០០គ្រួសារ ក្នុងខេត្ត Ishikawa គឺបន្តគ្មានអគ្គិសនីប្រើប្រាស់នៅថ្ងៃចន្ទនេះ ខណៈជាង៦៦,១០០គ្រួសារ គ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ កាលពីថ្ងៃអាទិត្យ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្សជាច្រើននាក់ក្នុងចំណោមប្រមាណ២៨,៨០០នាក់ ដែលបានទៅជ្រកកោននៅតាម មណ្ឌលស្នាក់អាស្រ័យបណ្តោះអាសន្នរបស់រដ្ឋាភិបាល ក៏កំពុងប្រឈមបញ្ហាខ្វះខាតទឹក អគ្គិសនី និងម៉ាស៉ីនកម្តៅ ផងដែរ។
គួរបញ្ជាក់ថា ជប៉ុនកាលពីឆ្នាំ២០១១ បានរងគ្រោះដោយសារការរញ្ជួយដីដ៏មហាប្រល័យមួយ រួចបង្កើតទៅជារលកយក្សស៊ូណាមិ និងដែលបានបន្សល់ទុកមនុស្សប្រហែល ១៨,៥០០នាក់ស្លាប់ឬបាត់ខ្លួន ហើយបង្កជាគ្រោះមហន្តរាយ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ថែមទៀតផង៕
">
រូបភាពពី CGTN