(កៀវ)៖ អភិបាលតំបន់ Belgorod Oblast នៃប្រទេសរុស្ស៉ី បានអះអាងនៅថ្ងៃចន្ទនេះថា អាជ្ញាធរបានជម្លៀស មនុស្សប្រហែល៣០០នាក់ ដែលរស់នៅក្នុងទីក្រុង Belgorod ជាទីក្រុងមួយស្ថិតក្បែរព្រំប្រទល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

អភិបាលតំបន់ Belgorod Oblast លោក Vyacheslav Gladkov បាននិយាយដូច្នេះថា «ប្រជាជនខ្ទង់៣០០នាក់ នៃទីក្រុង Belgorod ដែលបានសម្រេចចិត្តជម្លៀសខ្លួនមួយរយៈសិន នាពេលនេះកំពុងជ្រកកោនជាបណ្តោះអាសន្ន នៅតាមក្រុងដទៃទៀត​ដូចជា Stary Oskol, Gubkin និង Korochansky ដែលមានទីតាំងនៅឆ្ងាយពីព្រំប្រទល់អ៊ុយក្រែន»

កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ លោក Gladkov បានផ្តល់ឱកាសឱ្យប្រជាជនរុស្ស៉ីរស់នៅក្នុងទីក្រុង Belgorod ដែលមានចម្ងាយមិនដល់​៣០គីឡូម៉ែត្រឡើយនោះពីព្រំប្រទល់អ៊ុយក្រែន ជម្លៀសខ្លួនទៅកាន់កន្លែងផ្សេង ខណៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ Belgorod បានស្ថិតក្រោម​ការវាយប្រហារកើនឡើងពីអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន លើទីក្រុង Belgorod បានផ្តាច់ជីវិត​មនុស្ស២៥នាក់ ដែលហេតុការណ៍ស្លាប់ជនស៉ីវិលច្រើនបំផុតនៅខាងទឹកដីរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ការវាយប្រហារនោះ​បានកើតមាន ក្រោយការបាញ់ស្រោចមីស៉ីលនិងដ្រូនយ៉ាងធំសម្បើមមួយដោយរុស្ស៉ី លើអ៊ុយក្រែន ដែលបានសម្លាប់មនុស្សជិត​៤០នាក់៕

">

រូបភាពពី Reuters