(ព្រុចសែល)៖ អ្នកនយោបាយសញ្ជាតិបែលហ្ស៉ិក លោក Charles Michel បានប្រកាសថានឹងលាលែងចេញពីតំណែងជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប មុនពេលផុត អាណតិ្ត ដើម្បីអាចឈរឈ្មោះជាបេក្ខជនម្នាក់នៅក្នុងការបោះឆ្នោតរបស់សភាអឺរ៉ុប ដែលគ្រោងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

លោក Michel បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «ខ្ញុំបានសម្រេចចិត្តឈរឈ្មោះជាបេក្ខជនម្នាក់ នៅក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ»។ លោក Michel អាយុ ៤៨ឆ្នាំ និងធ្លាប់ជានាយករដ្ឋមន្ត្រីបែលហ្ស៉ិកផងនោះ បានបញ្ជាក់ដែរថា «៤ ឆ្នាំបន្ទាប់ពីការចាប់ផ្តើមអាណត្តិ របស់ខ្ញុំជាមេដឹកនាំអឺរ៉ុប ខ្ញុំត្រូវរាយការណ៍អំពីការងាររយៈពេលកន្លងមក និងដាក់ចេញនូវគម្រោងនាពេលអនាគតរបស់អឺរ៉ុប»

លោក Michel បានបន្ថែមថា «ខ្ញុំត្រូវបន្តការងារជាប្រធានក្រុមប្រឹក្សាអឺរ៉ុប រហូតដល់រូបខ្ញុំត្រូវស្បថចូលកាន់តំណែងជាសមាជិកនៃសភាអឺរ៉ុប នៅថ្ងៃទី១៦ ខែកក្កដា។
កិច្ចប្រជុំក្រុមប្រឹក្សាមួយ ត្រូវបានគ្រោងទុកបន្ទាប់ពីការបោះឆ្នោតសភា ហើយនៅពេលនេះ វានឹងត្រូវសម្រេចថាតើពេលណាអ្នកស្នងតំណែងរបស់ខ្ញុំ នឹងចូលកាន់តំណែង»

គួរបញ្ជាក់ថា នេះជាការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលទំនងជានឹងបង្កើនឲ្យមានចម្ងល់ ជុំវិញអ្នកដែលនឹងក្លាយជាមេដឹកនាំបន្ទាប់របស់សហភាពអឺរ៉ុប ខណៈដែល ការចាប់ផ្តើមកិច្ចពិភាក្សាជុំថ្មីនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា ហើយពេលនោះដែលអាណត្តិផ្លូវការរបស់លោក Michel បានផុតកំណត់៕

រូបភាពពី Reuters