(ប៉េកាំង)៖ ចិន បាននិយាយថាទីភ្នាក់ងារសន្តិសុខរបស់ខ្លួន បានរកឃើញករណីធ្វើចារម្មបន្ថែមទៀត ពីសំណាក់ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេស ដែលគេស្គាល់ថា MI6 ដោយការប្រើប្រាស់ជនបរទេសឲ្យចូលមកប្រមូលព័ត៌មាន នៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

ក្រសួងសន្តិសុខរដ្ឋចិន បានឲ្យដឹងតាមគណនីបណ្តាញសង្គម WeChat នៅថ្ងៃចន្ទនេះថា ជនបរទេសមួយរូបដែលកំណត់អត្តសញ្ញាណបានថាមាននាមត្រកូល Huang និងជាអ្នកគ្រប់គ្រងភ្នាក់ងារមួយសម្រាប់ការប្រឹក្សាយោបល់ក្រៅប្រទេស ហើយនៅឆ្នាំ២០១៦ MI6 បានបង្កើតទំនាក់ទំនងមិត្តភាពនៃកិច្ចសហការស៊ើបការណ៍សម្ងាត់ ជាមួយបុគ្គលរូបនេះ។ ក្រោយមកទៀត MI6 បានណែនាំលោក Huang ឲ្យចូលមកប្រទេសចិនជាច្រើនលើក ហើយប្រើអត្តសញ្ញាណសាធារណៈរបស់ខ្លួន ដើម្បីប្រមូល ព័ត៌មានសម្រាប់ការធ្វើចារកម្មរបស់អង់គ្លេស។

រដ្ឋាភិបាលចិន បានឲ្យដឹងថា MI6 ក៏ធ្វើការបណ្តុះបណ្តាលជំនាញស៊ើបការណ៍សម្ងាត់សម្រាប់ លោក Huang នៅអង់គ្លេស និងទីកន្លែងផ្សេងទៀត ព្រមទាំងបានផ្តល់ ឧបករណ៍ចារកម្មពិសេស សម្រាប់ធ្វើបណ្តាញទំនាក់ទំនងផងដែរ។ នៅក្នុងសេចក្តីថ្លែងកាណ៍បញ្ជាក់ថា «បន្ទាប់ពីស៉ើបអង្កេតយ៉ាងយកចិត្តទុកដាក់ អង្គភាពសន្តិសុខ របស់រដ្ឋ បានរកឃើញភស្តុតាងនៃការចូលរួមរបស់ លោក Huang ក្នុងសកម្មភាពចារកម្ម ហើយចាត់វិធានការលើបទឧក្រិដ្ឋកម្មប្រឆាំងរូបលោក»

គួរបញ្ជាក់ថា ករណីចោទប្រកាន់ដោយប្រទេសចិននេះ បានបង្ហាញពីចំណាត់ការផ្នែកសន្តិសុខរៀងៗខ្លួន ដែលកំពុងបន្តធ្វើឡើងយ៉ាងក្តៅគគុក ស្របពេលដែល រដ្ឋាភិបាលអង់គ្លេសថា មន្រ្តីស៉ើបការណ៍ចិនកំពុងកំណត់គោលដៅ លើមន្ត្រីធំៗរបស់ខ្លួន ក្នុងជួរនយោបាយ វិស័យពារជាតិ និងផ្នែកអាជីវកម្ម៕

រូបភាពពី Reuters