(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងចូលរួមកិច្ចពិភាក្សាជាច្រើន នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទសប្ដាហ៍នេះ មុននឹងលោកបន្តឆ្ពោះដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល ក្រោយព្រមានថាសង្រ្គាមហ្កាហ្សាអាចនឹងផ្ទុះរាលដាលពេញតំបន់មជ្ឈិមបូព៌ាទាំងមូល ប្រសិនបើមិនមានកិច្ចប្រឹងប្រែងស្វែងសន្តិភាពរួមគ្នាទេនោះ ខណៈអ៉ីស្រាអែលប្ដេជ្ញាបន្តធ្វើសង្រ្គាមរហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

កាលពីថ្ងៃអាទិត្យ ទី៧ ខែមករា លោក Blinken បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី និងកាតារួចហើយ ជាកិច្ចចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមក្នុងតំបន់ទាំងមូលផ្ទុះឡើង។ លោក Blinken ក៏គ្រោងនឹងធ្វើដំណើរទៅកាន់តំបន់ West Bank និងប្រទេសអេហ្ស៉ីប នៅក្នុងសប្ដាហ៍នេះដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅក្នុងទីក្រុងដូហា ប្រទេសកាតា មុនចេញដំណើរទៅកាន់ទីក្រុង Abu Dhabi លោក Blinken បានលើកឡើងថា «វាគឺពេលវេលា តានតឹងយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ ហើយនេះជាជម្លោះមួយងាយនឹងផ្ទុះរាលដាលជាទីបំផុតដែលអាចនឹងបង្កការឈឺចាប់ និងអសន្តិសុខកាន់ខ្លាំងឡើង»។ តាមលោក Blinken លោកផ្ទាល់នឹងប្រាប់ក្រុមមន្ត្រីអ៉ីស្រាអែលថាវាជាកាតព្វកិច្ចដែលពួកគេត្រូវប្រឹងប្រែងដើម្បីការពារអាយុជីវិតជនស៊ីវិលនៅក្នុងតំបន់ Gaza ហើយ ប្រជាជនប៉ាឡេស្ទីនត្រូវតែអាចត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ និងមិនត្រូវរងការបង្ខិតបង្ខំបណ្ដេញចេញពី Gaza នោះទេ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ប្ដេជ្ញាថានឹងបន្តធ្វើសង្រ្គាម រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច បើទោះជាមានការ អំពាវនាវពីអន្តរជាតិឱ្យមានបទឈប់បាញ់ក៏ដោយ។ បើតាមក្រុមសុខាភិបាលក្នុងតំបន់ Gaza ការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោករបស់អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ២២,៧២២នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល គិតត្រឹមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ អ៉ីស្រាអែលបានធ្វើសង្រ្គាមសងសឹកហាម៉ាស ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក ក្រោយចលនាតស៊ូប៉ាឡេស្ទីនមួយនេះវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលដោយសម្លាប់មនុស្ស ១,២០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់មនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង៕

រូបភាពពី Reuters