(ដូហា)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើការធានាមួយចំពោះមេដឹកនាំអារ៉ាប់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថា ទីក្រុងវ៉ាស៊ីនតោនជំទាស់នឹងការបង្ខំបណ្ដេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ Gaza និង West Bank ខណៈលោកកំពុងសម្លឹងមើលការចាប់ផ្ដើម កិច្ចពិភាក្សាស្ដីពីអនាគតតំបន់ Gaza នៅក្រោយសង្រ្គាមបញ្ចប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

តាមសេចក្ដីថ្លែងការណ៍របស់ព្រះបរមរាជវាំងហ្ស៊កដានី ព្រះមហាក្សា King Abdullah បានលើកឡើងពីការព្រួយបារម្ភរបស់ហ្ស៊កដានីជុំវិញការបណ្ដេញ ប្រជាជនប៉ាឡេស្ទីន ជាមួយលោក Blinken អំឡុងកិច្ចពិភាក្សាមួយក្នុងទីក្រុង Amman។ ដោយឡែក នៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយជំនួប ដាច់ដោយឡែក ជាមួយមន្ត្រីជាន់ខ្ពស់កាតា ក្នុងទីក្រុងដូហា លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «ជនស៊ីវិលប៉ាឡេស្ទីនត្រូវតែអាច ត្រឡប់ទៅផ្ទះរបស់ពួកគេវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើស្ថានការណ៍អំណោយ»។ លោក Blinken បន្ថែមថាប្រជាជនប៉ាឡេស្ទីន មិនត្រូវរងសម្ពាធ ឬក៏ការបង្ខំបណ្ដេញចេញពីតំបន់ Gaza នោះឡើយ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងស្ថិតនៅក្នុងការធ្វើទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា ចំពោះមុខភាពភ័យខ្លាចនៃការ ផ្ទុះរាលដាលសង្រ្គាមចេញពី Gaza ទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល ក្រោយមេដឹកនាំរងម្នាក់របស់ក្រុមហាម៉ាសត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយ យន្ដហោះដ្រូន ក្នុងទីក្រុងបេរូត ប្រទេសលីបង់ កាលពីសប្ដាហ៍មុន។ ក្រុមហាម៉ាស និង Hezbollah មានអ៉ីរ៉ង់ជាខ្នងបង្អែកចោទប្រកាន់ថាជាទង្វើរបស់ អ៉ីស្រាអែល៕

រូបភាពពី AFP