(ដាកា)៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានជាប់ឆ្នោតសាជាថ្មីសម្រាប់អាណត្តិទី៥ នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ជាការបោះឆ្នោតមួយដែលត្រូវបានពហិការមិនចូលរួមដោយគណបក្សប្រឆាំងដែលលោកស្រី Hasina ចាត់ទុកថាជាអង្គការភេរវកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យម្នាក់មកពីគណៈកម្មការរៀបចំការបោះឆ្នោតបង់ក្លាដែស បានប្រាប់ AFP នៅព្រឹកថ្ងៃចន្ទនេះថាគណបក្សកាន់អំណាច Awami League របស់លោកស្រី Hasina បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត បន្ទាប់ពីការបោះឆ្នោតមួយដែលត្រូវបានរាយការណ៍ថាមានអត្រាអ្នកចូលរួមបោះឆ្នោតត្រឹមតែ ៤០ភាគរយប៉ុណ្ណោះ នៅក្នុងចំណោមប្រជាជនបង់ក្លាដែស ១២០លាននាក់ដែលមានសិទ្ធិបោះឆ្នោត។

គណបក្សជាតិនិយមបង់ក្លាដែស ហៅកាត់ BNP ស្ថិតក្នុងចំណោមគណបក្សប្រឆាំងជាច្រើនផ្សេងទៀត ដែលបានសម្រេចចិត្តមិនចូលរួមប្រកួត ​ក្នុងការបោះឆ្នោតសកល ក្រោមហេតុផលថា វាគឺជាការបោះឆ្នោតក្លែងក្លាយមួយ ដែលនឹងពុំមាន​លក្ខណៈសេរីឬយុត្តិធម៌នោះទេ។ ក្រុមប្រឆាំងក៏បានអំពាវនាវឱ្យប្រជាជនបង់ក្លាដែស កុំទៅបោះឆ្នោតថែមទៀតផង។

គួរបញ្ជាក់ថា ខណៈលទ្ធផលចុងក្រោយគ្រោងនឹងប្រកាសនៅឯពិធីមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ មន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតបង់ក្លាដែសបាននិយាយថា គណបក្សរបស់លោកស្រី Hasina បានឈ្នះអាសនៈនៅក្នុងសភាប្រហែលជា ៣ភាគ៤ ឬយ៉ាងហោច ២២០អាសនៈនៅក្នុងចំណោមអាសនៈសរុប៣០០។ ប៉ុន្តែ ការគាំទ្រសមាជិកតំណាងរាស្ត្រដទៃទៀត ក្នុងនោះរួមមានទាំងមកពីគណបក្សជាសម្ព័ន្ធមិត្ត នឹងបើកផ្លូវឱ្យគណបក្សរបស់លោកស្រី Hasina គ្រប់គ្រងសភាក្នុងសំឡេងភាគច្រើនលើសលប់។

លោកស្រី Hasina ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីបង់ក្លាដែសជាលើកដំបូងក្នុងឆ្នាំ១៩៩៦ និងជាប់ឆ្នោតម្ដងទៀតក្នុងឆ្នាំ២០០៩ ហើយបានបន្តកាន់អំណាចមកទល់នឹងសព្វថ្ងៃ។ ជ័យជម្នះកាលពីថ្ងៃអាទិត្យធ្វើឱ្យលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ៤អាណត្តិជាប់ៗគ្នា ហើយវាក៏ជាអាណត្តិទី៥ សម្រាប់លោកស្រី Hasina ផងដែរ៕

រូបភាពពី AFP