(គៀវ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ទីក្រុងគៀវកាលពីថ្ងៃអាទិត្យ (៧ មករា) ថា ទីក្រុងតូក្យូបានប្តេជ្ញាចិត្តបន្តគាំទ្រអ៊ុយក្រែន ខណៈខួប ២ ឆ្នាំនៃការលុកលុយរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែនខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ ២០២៤ លោកស្រី Kamikawa បានធ្វើសន្និសីទសារព័ត៌មានមួយ ជាមួយសមភាគីអ៊ុយក្រែន លោក Dmytro Kuleba នៅឯទីជម្រកគ្រាប់បែកក្នុងទីក្រុងគៀវ ខណៈសំឡេងស៊ីរ៉ែនបានបន្លឺឡើង។ នាឱកាសនោះ លោកស្រីបាននិយាយដូច្នេះថា​ «​ជប៉ុន​ប្ដេជ្ញា​ចិត្ត​គាំទ្រ​អ៊ុយក្រែន​រហូត​ដល់​សន្តិភាព​ត្រឡប់​មក​អ៊ុយក្រែន​វិញ...ខ្ញុំ​អាច​ដឹងអំពី​ស្ថានការណ៍​នៅ​អ៊ុយក្រែនថាតើវា​មាន​ភាព​តានតឹង​ប៉ុណ្ណា​នៅ​ពេល​នេះ»

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ​កើត​ឡើង​ចំពេល​មាន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​រវាងភាគី​ទាំង​ពីរ​នៃ​ជម្លោះ។ លោកស្រី Kamikawa ដែលជាភ្ញៀវបរទេសដំបូងដែលមកទស្សនាអ៊ុយក្រែននៅឆ្នាំនេះ បាននិយាយថា «ខ្ញុំថ្កោលទោសយ៉ាងខ្លាំងម្តងទៀត ចំពោះការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់រុស្ស៊ី ជាពិសេសកាលពីថ្ងៃចូលឆ្នាំថ្មី»

រដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ ក៏បានប្រកាសថាទីក្រុងតូក្យូ «នឹងបែងចែលប្រាក់ចំនួន ៣៧ លានដុល្លារអាមេរិក ដើម្បីផ្តល់ប្រព័ន្ធស្វែងរកយន្តហោះដ្រូន»។ លោកស្រីបានបន្ថែមថា ប្រទេសជប៉ុនក៏នឹងផ្គត់ផ្គង់ដល់អ៊ុយក្រែនផងដែរ នូវម៉ាស៊ីនភ្លើងចំនួន ៥ ដើម្បីជួយអ៊ុយក្រែនក្នុងរដូវរងារ ខណៈរស្ស៉ីកំពុងបង្កើនការវាយប្រហារ។

គួរបញ្ជាក់ថា ជប៉ុនក៏​បាន​ចូល​រួម​ដាក់​ទណ្ឌកម្មជាមួយ​លោក​ខាង​លិច​ប្រឆាំង​នឹង​រុស្ស៊ី និង​បាន​ផ្គត់ផ្គង់​សព្វាវុធ​ដល់​ក្រុង​គៀវផងដែរ៕

រូបភាពពី Reuters