(ដាកា)៖ ក្រុមមន្ត្រីបាននិយាយថា ភ្លើងបានឆាបឆេះជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស នៅព្រឹកថ្ងៃអាទិត្យ (៧ មករា) ដោយបានបំផ្លាញជម្រកប្រហែល ៨០០ កន្លែង និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។

មន្ត្រីសេវាពន្លត់អគ្គីភ័យ និងអ្នកស្ម័គ្រចិត្តរ៉ូហ៊ីងយ៉ាអាចគ្រប់គ្រងអគ្គីភ័យបានប្រហែល ៣ ម៉ោង បន្ទាប់ពីវាបានឆាបឆេះទៅដល់ជំរុំលេខ ៥ នៅតំបន់ Cox's Bazar ដែលជាតំបន់ព្រំដែន ជាមួយប្រទេសមីយ៉ាន់ម៉ាមុនម៉ោង ១ ព្រឹក (ម៉ោងក្នុងតំបន់)។

លោក Mohammad Mizanur Rahman ស្នងការទទួលបន្ទុកជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍នៅតំបន់ Cox's Bazar ប្រទេសបង់ក្លាដែស បាននិយាយថា ក្រៅពីផ្ទះសម្បែង ទីតាំងជាច្រើនផ្សេងទៀតដូចជាមជ្ឈមណ្ឌលសិក្សា ក៏ត្រូវបានបំផ្លាញផងដែរ ប៉ុន្តែមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា អគ្គីភ័យបានធ្វើឱ្យមនុស្សជិត ៧,០០០ នាក់គ្មានផ្ទះសម្បែង ហើយកន្លែងប្រហែល ១២០ រួមទាំងវិហារអ៊ីស្លាម និងមណ្ឌលថែទាំសុខភាពត្រូវបានខូចខាតផងដែរ។ UNHCR បានបន្ថែមថា «មូលហេតុនៃអគ្គីភ័យនៅមិនទាន់ដឹងនៅឡើយ ហើយអាជ្ញាធររដ្ឋាភិបាលបានធានាយើងថា មូលហេតុនៃការឆេះនេះនឹងត្រូវបានស៊ើបអង្កេត»

គួរបញ្ជាក់ថា មនុស្សជិតមួយលាននាក់ នៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកំពុងរស់នៅក្នុងជំរុំដ៏ចង្អៀតដែលធ្វើពីឫស្សី និងប្លាស្ទិកក្នុងតំបន់ Cox's Bazar របស់ប្រទេសបង់ក្លាដែស ដែលភាគច្រើននៃពួកគេបានភៀសខ្លួនចេញពីការបង្ក្រាបដោយយោធាក្នុងឆ្នាំ ២០១៧។

ជារឿយៗអគ្គីភ័យបានឆាបឆេះឡើង នៅក្នុងជំរុំបណ្តោះអាសន្នដែលមានមនុស្សរស់នៅយ៉ាងណែនតាន់តាប់ខាងលើ។ ជាក់ស្តែងនៅខែមីនាឆ្នាំ ២០២១ កន្លងទៅ អគ្គីភ័យបានសម្លាប់ជនភៀសខ្លួនយ៉ាងហោចណាស់ ១៥ នាក់ និងបំផ្លាញផ្ទះជាង ១០,០០០ ខ្នង។ ហើយកាលពីឆ្នាំមុន ជម្រកជិត ២,៨០០ និងកន្លែងជាង ៩០ រួមទាំងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលសិក្សាត្រូវបានបំផ្លាញដោយអគ្គីភ័យ ដែលបណ្តាលឱ្យមនុស្សប្រហែល ១២,០០០ នាក់គ្មានផ្ទះសម្បែង។ ក្រុមស៊ើបអង្កេតដែលបង្កើតឡើងដោយក្រុមនេះបានហៅវាថាជា «អំពើបំផ្លិចបំផ្លាញដែលបានគ្រោងទុក»៕

រូបភាពពី Reuters