(អាម៉ាន់)៖ រដ្ឋមន្ត្រីការបរទេស លោក Antony Blinken កាលពីថ្ងៃអាទិត្យបានជួបជាមួយស្តេចហ្ស៊កដានី និងរដ្ឋមន្ត្រីការបរទេស ហើយបានទៅទស្សនាឃ្លាំងកម្មវិធីស្បៀងអាហារពិភពលោកក្នុងទីក្រុង Amman ខណៈដែលលោកកំពុងបន្តបេសកកម្មការទូតបន្ទាន់មួយ នៅមជ្ឈិមបូព៌ាដើម្បីបញ្ចៀសការរីករាលដាល នៃសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។
នៅក្នុងជំនួបជាមួយ លោក Blinken ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Ayman Safadi បានពិភាក្សាអំពីគ្រោះមហន្តរាយមនុស្សធម៌នៅហ្គាហ្សា និងតម្រូវការសម្រាប់ការបញ្ចប់ជាបន្ទាន់ ចំពោះការឈ្លានពានរបស់អ៊ីស្រាអែល ដើម្បីធានាការការពារជនស៊ីវិល។
លោក Safadi ក៏បានសង្កត់ធ្ងន់ផងដែរ ពីតម្រូវការក្នុងការដកចេញនូវរាល់ឧបសគ្គដែលបង្កើតដោយអ៊ីស្រាអែល ដែលរារាំងជំនួយមនុស្សធម៌ និងឧបករណ៍វេជ្ជសាស្ត្រដល់គ្រប់តំបន់ទាំងអស់របស់ហ្គាហ្សា។ លោកបានរំលឹកឡើងវិញនូវជំហររបស់ហ្ស៊កដានី ដែលបដិសេធការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនទាំងក្នុង និងក្រៅទឹកដីរបស់ពួកគេ ដោយចាត់ទុកថា វាជាឧក្រិដ្ឋកម្មសង្រ្គាម និងការកើនឡើងដ៏គ្រោះថ្នាក់នៃជម្លោះ។
ក្នុងដំណើរទស្សនកិច្ចលើកទីបួនរបស់ខ្លួនទៅកាន់តំបន់ ក្នុងរយៈពេលបីខែ លោក Blinken បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អ៊ីស្រាអែល ក្នុងការកែសម្រួលប្រតិបត្តិការយោធារបស់ខ្លួន ដើម្បីកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល និងបង្កើនចំនួនជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា ខណៈពេលដែលបង្ហាញពីសារៈសំខាន់ នៃការរៀបចំផែនការលម្អិតសម្រាប់ក្រោយជម្លោះ។ លោកក៏បាននិយាយថា លោកនឹងពិនិត្យមើលនូវអ្វីដែលអាចធ្វើបាន ដើម្បីបង្កើនការការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា និងបង្កើនការផ្តល់ជំនួយមនុស្សធម៌ផងដែរ។
គួរបញ្ជាក់ថា ហ្ស៊កដានី និងប្រទេសអារ៉ាប់ផ្សេងទៀតបានរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពរបស់អ៊ីស្រាអែល ហើយបានជៀសវាងការគាំទ្រជាសាធារណៈនូវផែនការរយៈពេលវែង ដោយលើកហេតុផលថា ការប្រយុទ្ធគ្នាត្រូវតែបញ្ចប់មុនពេលការពិភាក្សាបែបនេះអាចចាប់ផ្តើម។ ពួកគេបានទាមទារបទឈប់បាញ់ជាបន្ទាន់តាំងពីពាក់កណ្តាលខែតុលាមក ខណៈដែលចំនួនជនស៊ីវិលបានចាប់ផ្តើមកើនឡើង៕
">រូបភាពពី AFP