(ក្រិក)៖ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បាននិយាយថា សហភាពអឺរ៉ុបត្រូវតែបង្កើតកងទ័ពរួមគ្នា ដែលអាចដើរតួនាទីក្នុងការរក្សាសន្តិភាព និងការពារជម្លោះក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលី La Stampa លោក Tajani បាននិយាយថា កិច្ចសហប្រតិបត្តិការអឺរ៉ុបដ៏ជិតស្និទ្ធក្នុងវិស័យការពារជាតិ គឺជាការងារអាទិភាពសម្រាប់គណបក្ស Forza Italia ដែលលោកដឹកនាំ។ លោកបានលើកឡើងដូច្នេះថា «ប្រសិនបើយើងចង់ក្លាយជាអ្នករក្សាសន្តិភាពនៅក្នុងពិភពលោក យើងត្រូវការកងទ័ពអឺរ៉ុប។ នេះជាលក្ខខណ្ឌចាំបាច់មួយ ដូច្នេះយើងអាចមានគោលនយោបាយការបរទេសអឺរ៉ុប ប្រកបដោយប្រសិទ្ធភាព»។

លោកបានសង្កត់ធ្ងន់ថា «នៅក្នុងពិភពលោកមួយដែលមានអ្នកលេងដ៏មានឥទ្ធិពល ដូចជាសហរដ្ឋអាមេរិក ចិន ឥណ្ឌា និងរុស្ស៊ី ហើយជាមួយនឹងវិបត្តិដែលលាតសន្ធឹងពីមជ្ឈិមបូព៌ា រហូតដល់តំបន់ប៉ាស៊ីហ្វិក ពលរដ្ឋអ៊ីតាលី អាឡឺម៉ង់ បារាំង ឬស្លូវេនី អាចត្រូវបានការពារដោយអ្វីមួយដែលមានរួចហើយ ពោលគឺ សហភាពអឺរ៉ុប»។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិ បានលេចឡើងក្នុងរបៀបវារៈនយោបាយរបស់សហភាពអឺរ៉ុប ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនជិតពីរឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងត្រូវបានផ្តោតកាន់តែខ្លាំងលើការពង្រីកអង្គការណាតូ ដោយសមាជិកសហភាពអឺរ៉ុបហ្វាំងឡង់ បានចូលរួមសម្ព័ន្ធភាពកាលពីឆ្នាំមុន ហើយស៊ុយអែតក៏រំពឹងថានឹងក្លាយជាសមាជិកផងដែរ។

លោក Tajani ក៏បាននិយាយផងដែរថា EU ដែលមាន ២៧ ប្រទេស គួរតែសម្រួលការដឹកនាំរបស់ខ្លួន និងមានប្រធានាធិបតីតែមួយ ជំនួសឱ្យរចនាសម្ព័ន្ធបច្ចុប្បន្នរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងប្រធានគណៈកម្មការអឺរ៉ុប៕

">

រូបភាពពី Reuters