(ប៉េកាំង)៖ ដោយសាររងផលប៉ះពាល់ពីកត្តា ដូចជាការកើនឡើងយ៉ាងគំហុកនៃបំណុលរដ្ឋាភិបាល និងតម្លៃទំនិញកើនឡើងជាដើម ជនជាតិអាមេរិកបានរ៉ាប់រងបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ទិន្នន័យដែលក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសនោះ ក៏បានវាយប្រហារមកលើពួកគេម្តងទៀត៖ គិតមកទល់ថ្ងៃទី២ ខែមករា តាមម៉ោងក្នុងតំបន់ ទំហំសរុបនៃបំណុលសាធារណៈ នៃរដ្ឋាភិបាលសហព័ន្ធអាមេរិកបានលើស ពី៣៤ទ្រីលានដុល្លារអាមេរិកជាលើកដំបូង។
តើ៣៤ទ្រីលានដុល្លារអាមេរិកមានន័យថាម៉េច? តាមការគណនានៃស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកឱ្យដឹងថា វាគឺលើសពី១២០ភាគរយនៃ GDP របស់អាមេរិក ដែលមានន័យថា ជនជាតិអាមេរិកម្នាក់ៗនឹងទទួលបន្ទុក បំណុលយ៉ាងហោចណាស់ ១សែនដុល្លារអាមេរិក។ នេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើ សេដ្ឋកិច្ចនិងសង្គមអាមេរិក។ តើបំណុលដ៏ច្រើនលើសលប់នេះ គឺកើតមានយ៉ាងម៉េច? អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ដើម្បីបំពេញឱនភាព រដ្ឋាភិបាលអាមេរិកបានទទួលប្រាក់ទុន តាមរយៈការដាក់ចេញប័ណ្ណបំណុលជាតិ ក្នុងរយៈពេលជាយូរណាស់មកហើយ ។ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ សេដ្ឋកិច្ចអាមេរិកធា្លក់ក្នុងសភាពទាល់ច្រក ។ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលអាមេរិកបានដាក់ចេញ ប័ណ្ណបំណុលជាតិជាច្រើន ដែលនាំឱ្យល្បឿនកំណើននៃបំណុលកើនលឿនជាងការប៉ាន់ប្រមាណ ។ ដើម្បីទប់ស្កាត់អតិផរណា ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានតម្លើងការប្រាក់ជាបន្តបន្ទាប់ ដែលបន្ថែមថ្លៃដើមនៃការសងបំណុល នៃរដ្ឋាភិបាលអាមេរិកថែមមួយកម្រិតទៀត។ ក្រៅពីនេះ ស្របពេលដែលការចំណាយរបស់រដ្ឋាភិបាលកើនឡើង និងប្រាក់ចំណូលពន្ធដារត្រូវបានកាត់បន្ថយ ទំហំបំណុលបានពង្រីកដោយចៀសមិនបាន។
អ្នកវិភាគបានប៉ាន់ប្រមាណថា តាមនិន្នាការបច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកនឹងបន្ថែមបំណុលលើសពី ២ទ្រីលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ ដោយគិតពិចារណាដល់បក្សទាំងពីររបស់សហរដ្ឋអាមេរិក ដែលកំពុងកើតមានវិវាទយ៉ាងស្រួចស្រាវ លើបញ្ហាហិរញ្ញវត្ថុ ហើយរដ្ឋាភិបាលគ្មានបំណងដោះស្រាយបំណុលនោះទេ មជ្ឈដ្ឋានខាងក្រៅប៉ាន់ប្រមាណថា បញ្ហាបំណុលអាមេរិកនឹងកាន់តែអាប់អួថែមមួយកម្រិតទៀត។ ក្នុងបំណុលរដ្ឋាភិបាលអាមេរិក សមាមាត្រនៃបំណុលបរទេសគឺខ្ពស់ណាស់។ បំណុលអាមេរិកបានបំបែកកំណត់ត្រាថ្មីជាបន្តបន្ទាប់ ហានិភ័យនៃការបំពានកិច្ចសន្យាបានកើនឡើង វាច្បាស់ណាស់ថានឹងប៉ះពាល់ដល់ជំនឿចិត្តរបស់ វិនិយោគិនបរទេសចំពោះសេដ្ឋកិច្ចអាមេរិក។ ប្រសិនបើវិនិយោគិនកាត់បន្ថយឬលក់ចេញបំណុលអាមេរិក នោះ ដុល្លារអាមេរិកនឹងប្រឈមមុខនឹងកម្លាំងសម្ពាធនៃការចុះថោក ថែមទាំងបង្កើនបន្ទុកសងបំណុលនិងបញ្ហា ក្នុងការប្រមូលហិរញ្ញប្បទានរបស់រដ្ឋាភិបាលអាមេរិកទៀតផង។
ក្នុងបរិបទវិបត្តិបំណុល បក្សទាំងពីររបស់អាមេរិកនៅតែប្រយុទ្ធយ៉ាងក្តៅគគុកជុំវិញបញ្ហាថវិកាដដែល ប្រសិនបើមិនអាចឈានដល់គំនិតឯកភាពរួមទេ នោះ រដ្ឋាភិបាលអាមេរិកប្រហែលនឹងប្រឈមមុខ នឹងបញ្ហាផ្អាកដំណើរការម្តងទៀត ។ ប្រសិនបើកើតមានករណីនេះ មន្ត្រីជាច្រើននាក់ដែលធ្វើការនៅជួររដ្ឋាភិបាលនឹងត្រូវបង្ខំ ឱ្យឈប់សម្រាកដោយគ្មានប្រាក់ខែឬពន្យារពេលបើកប្រាក់ខែ រីឯគម្រោងដែលកាត់បន្ថយការចំណាយរដ្ឋាភិបាល តែងតែពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹង គម្រោងជីវភាពរស់នៅរបស់ប្រជាជន។ ពោលគឺ ទីបំផុត អ្នកដែលរងការខាតបង់គឺប្រជាជនអាមេរិកតែម្ដង។
បើមើលពីផ្ទៃអន្តរជាតិ ដោយសារដុល្លារអាមេរិកជារូបិយវត្ថុបម្រុងទុក និងរូបិយវត្ថុទូទាត់ទីមួយលើទូទាំងពិភពលោក ដូច្នេះ រូបមន្តរបស់អាមេរិកដែលជំពាក់បំណុលលើសកម្រិត និងមិនទទួលរងការដាក់កំហិត នឹងបណ្តាលឱ្យទីផ្សារហិរញ្ញវត្ថុអន្តរជាតិ មានភាពកក្រើករំពើក ក៏ដូចជាបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសកល។ មិនពិបាកឃើញថា បញ្ហាវិវាទដ៏សែនជ្រៅ នៃសេដ្ឋកិច្ចអាមេរិកនៅមិនទាន់ ត្រូវបានដោះស្រាយនៅឡើយ ដែលបណ្តាលឱ្យវិបត្តិបំណុលកើតឡើងម្តងហើយម្តងទៀត ។ នេះមិនត្រឹមតែនាំមកនូវហានិភ័យកំបាំង និងភាពចលាចលដល់សង្គមអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏នាំមកនូវភាពមិនប្រាកដប្រជា កាន់តែច្រើនដល់ពិភពលោកផងដែរ។ តើអ្នកណាជាហានិភ័យដ៏ខ្លាំងនៃសន្តិសុខសេដ្ឋកិច្ចពិភពលោក?ចម្លើយគឺមិនបាច់និយាយក៏គេដឹងដែរ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន