(កូប៉ិកហាក)៖ ក្រសួងការពារជាតិប្រទេសដាណឺម៉ាក បានឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា ដំណើរការប្រគល់យន្តហោះចម្បាំង F-16 ដែលជាផលិតផលរបស់សហរដ្ឋអាមេរិក ឱ្យទៅអ៊ុយក្រែននឹងប្រព្រឹត្តទៅក្នុងអំលុងត្រីមាសទី២ នៃឆ្នាំ២០២៤នេះ បន្ទាប់ពីក្រុមពីឡុតអ៊ុយក្រែនបញ្ចប់ការហ្វឹកហាត់របស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។

ដាណឺម៉ាកដែលកំពុងជំនួសកងយន្តហោះចម្បាំង ​F-16 របស់ខ្លួន ជាមួយយន្តហោះចម្បាំងស៊េរីទំនើបថ្មី F-35 បានប្រកាសកាលពីខែសីហា ឆ្នាំ២០២៣ថា នឹងបរិច្ចាគ F-16 សរុបចំនួន១៩គ្រឿង ឱ្យអ៊ុយក្រែន ក្រោយទទួលបានការយល់ព្រមពីរដ្ឋាភិបាលអាមេរិក។ បើគិតចាប់តាំងតែពី​សង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ការផ្តល់ជំនួយរបស់ដាណឺម៉ាកសម្រាប់អ៊ុយក្រែន បានកើនដល់ខ្ទង់២.២ពាន់លានអឺរ៉ូ ឬស្មើនឹង២.៤ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ក្រៅពីដាណឺម៉ាក ប្រទេសហូឡង់ក៏បានប្រកាសកាលពីខែសីហា ឆ្នាំមុន អំពីការសម្រេចផ្តល់យន្តហោះចម្បាំង F-16 ឱ្យទៅ​អ៊ុយក្រែនផងដែរ ហើយនាពេលនេះ កំពុងតែផ្តល់ការបណ្តុះបណ្តាលដល់ក្រុមពីឡុតអ៊ុយក្រែន ប៉ុន្តែមិនទាន់បានប្រាប់ថា នៅពេលណា​ដែល F-16 ទាំង៤២គ្រឿង នឹងអាចទៅដល់ដៃអ៊ុយក្រែននៅឡើយទេ៕

រូបភាពពី Reuters