(ដាក្កា)៖ នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បាននិយាយថា គណបក្សប្រឆាំងធំជាងគេ ដែលធ្វើពហិការចំពោះ​ការបោះឆ្នោតសកលនាថ្ងៃអាទិត្យនេះ គឺជាអង្គការភេរវកម្ម ហើយបានអះអាងថា លោកស្រីកំពុងព្យាយាមធានាឱ្យប្រទេសបង់ក្លាដែស ​នៅតែបន្តជាប្រទេសប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។

គណបក្សជាតិនិយមបង់ក្លាដែស ហៅកាត់ BNP ស្ថិតក្នុងចំណោមគណបក្សជាច្រើនផ្សេងទៀត ដែលបានសម្រេចចិត្តមិនចូលរួមប្រកួត ​ក្នុងការបោះឆ្នោតសកលដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យនេះឡើយ ក្រោមហេតុផលថា វាគឺជាការបោះឆ្នោតក្លែងក្លាយមួយ ដែលនឹងពុំមាន​លក្ខណៈសេរីឬយុត្តិធម៌នោះទេ។ ក្រុមប្រឆាំងក៏បានអំពាវនាវឱ្យប្រជាជនបង់ក្លាដែស កុំទៅបោះឆ្នោតថែមទៀតផង។

លោកស្រី Hasina បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចូលរួមបោះឆ្នោតដូច្នេះថា «គណបក្ស BNP គឺជាអង្គការភេរវកម្ម។ ខ្ញុំកំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីធានាថាលទ្ធិប្រជាធិបតេយ្យ នឹងនៅតែបន្តក្នុងប្រទេសនេះ»។ លោកស្រីបានបន្តថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។

គួរបញ្ជាក់ថា ប៉ុន្មានខែមកហើយ ក្រុមប្រឆាំងបានទាមទារឱ្យលោកស្រី Hasina ដែលកាន់អំណាចតាំងតែពីឆ្នាំ២០០៩មក ចុះពីតំណែងរួចផ្ទេរអំណាចឱ្យរដ្ឋាភិបាលអព្យាក្រឹតមួយ ដើម្បីត្រួតពិនិត្យនិងគ្រប់គ្រងដំណើរការបោះឆ្នោត ក៏ប៉ុន្តែលោកស្រីបានបដិសេធយ៉ាងរឹងមាំ។ លោកស្រី Hasina បានរងការចោទប្រកាន់ថា អនុវត្តរបបដឹកនាំប្រទេស​បែបផ្តាច់ការ រំលោភសិទ្ធិមនុស្ស បំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ធ្វើទុក្ខបុកម្នេញសកម្មជនប្រឆាំង និងចាប់អ្នករិះគន់ដាក់ពន្ធនាគារ។ គូប្រជែងធំរបស់លោកស្រី និងធ្លាប់ជានាយករដ្ឋមន្រ្តីបង់ក្លាដែស២លើក គឺមេដឹកនាំគណបក្ស BNP លោកស្រី Khaleda Zia កំពុងតែ​ស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ ក្រោមបទចោទប្រកាន់អំពើពុករលួយ ខណៈកូនប្រុសលោកស្រី Zia គឺលោក Tarique Rahman ដែលជា​ប្រធានស្តីទីរបស់បក្ស BNP កំពុងរស់នៅនិរទេសខ្លួន ក្រោយរងការចោទប្រកាន់បទល្មើសមួយចំនួន៕

រូបភាពពី AFP