(វ៉ាស៉ីនតោន)៖ អាជ្ញាធរត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក កាលថ្ងៃសៅរ៍សប្តាហ៍នេះ បានសម្រេចផ្អាកប្រតិបត្តិការហោះហើរ នៃយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX 9 មួយចំនួន ដើម្បីឆែកមើលសុវត្ថិភាព បន្ទាប់ពីករណីប៉ើងរបើកផ្ទាំងបង្អួច បានបង្ខំឱ្យយន្តហោះប្រភេទនេះ ដែលប្រើប្រាស់ដោយអាកាសចរណ៍ Alaska Airlines ធ្វើការចុះចតជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ បង្អួចមួយផ្ទាំងនៅផ្នែកខាងឆ្វេងនៃតួខ្លួនយន្តហោះ Boeing 737 MAX 9 ១គ្រឿងរបស់អាកាសចរណ៍ Alaska Airlines បានប៉ើងរបើកបាត់ បន្ទាប់ពីយន្តហោះនោះ បានហោះឡើងមិនយូរប៉ុន្មាន ចេញពីទីក្រុង Portland រដ្ឋ Oregon សំដៅឆ្ពោះទៅកាន់ទីក្រុង Ontario រដ្ឋ California ជាហេតុបង្ខំឱ្យក្រុមអាកាសយានិក បញ្ជាយន្តហោះបកក្បាលត្រឡប់ទៅក្រោយវិញ ហើយចុះចតដោយសុវត្ថិភាព ជាមួយអ្នកដំណើរទាំង ១៧១នាក់ និងបុគ្គលិកយន្តហោះ៦នាក់ ដែលស្ថិតលើនោះ។ យន្តហោះដែលជួបបញ្ហាខាងលើ គឺជាយន្តហោះថ្មី ដែលទើបត្រូវបានដាក់ដំណើរ រយៈពេល៨សប្តាហ៍ប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពី៥ឆ្នាំមុន យន្តហោះត្រកូល MAX របស់ក្រុមហ៊ុន Boeing ធ្លាប់ត្រូវបានដាក់ឱ្យបញ្ឈរជើងនៅទូទាំងពិភពលោក អស់រយៈពេលប្រហែល២០ខែ ក្រោយករណីធ្លាក់យន្តហោះប្រភេទនេះ ចំនួន២គ្រឿង ដែលបានផ្តាច់ជីវិតមនុស្សសរុបជិត៣៥០នាក់ នៅឯប្រទេសអេត្យូពីនិងឥណ្ឌូណេស៉ី។ គិតត្រឹមពេលនេះ មានតែអាកាសចរណ៍អាមេរិក២ប៉ុណ្ណោះ ដែលប្រើប្រាស់យន្តហោះ MAX 9 គឺ Alaska Airlines និង United Airlines៕
រូបភាពពី Reuters