(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ី បានផ្តាច់ជីវិតមនុស្សចំនួន ១១នាក់​ និងបណ្តាលឱ្យរងរបួស១០នាក់ផ្សេងទៀត នៅក្នុងព្រមទាំងនៅតំបន់ជុំវិញទីក្រុង Pokrovsk ភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។

លោក Vadym Filashkin អភិបាលទឹកដីនៅតំបន់ Donetsk ដែលគ្រប់គ្រងដោយអ៊ុយក្រែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កងកម្លាំងរុស្ស៉ីបានបាញ់ផ្លោងមីស៉ីលរបស់ប្រព័ន្ធ S-300 ស្រោចមកលើទីក្រុង Pokrovsk ហើយជាលទ្ធផលក្រោយការវាយប្រហារនោះ មនុស្សសរុបចំនួន១១នាក់ រួមមានទាំងក្មេងៗ៥នាក់ អាយុចន្លោះចាប់ពី៣ឆ្នាំដល់១៧ឆ្នាំ បានបាត់បង់ជីវិត។ បើតាមលោក Filashkin ជាមួយគ្នានេះ មនុស្ស១០នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ ខណៈប្រតិបត្តិការជួយសង្រ្គោះកំពុងតែបន្ត។

គួរបញ្ជាក់ថា ទីក្រុងមូស្គូបានបដិសេធថា កងកម្លាំងរុស្ស៉ីមិនដែលកំណត់គោលដៅវាយប្រហារ លើជនស៉ីវិលនៅក្នុងសង្រ្គាមឈ្លានពាន ដែលខ្លួនបានចាប់ផ្តើមតាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មកឡើយ។ យ៉ាងណាមិញ ក្នុងរយៈពេលប្រមាណជា២សប្តាហ៍ចុងក្រោយនេះ រុស្ស៉ី​ហាក់បានបង្កើនការវាយប្រហារជាខ្លាំង មកលើទីក្រុងនិងទីប្រជុំជនរបស់អ៊ុយក្រែន។ រីឯអ៊ុយក្រែន ក៏បានសងសឹងតបតទៅវិញផងដែរ ដោយវាយប្រហារលើ គោលដៅរុស្ស៉ីនៅសមុទ្រខ្មៅ ព្រមទាំងនៅតំបន់មួយចំនួនស្ថិតតាមព្រំដែនរបស់រុស្ស៉ី ក្នុងនោះរួមមានទាំងការបាញ់មីស៉ីល​និងដ្រូន ដែលបានផ្តាច់ជីវិតមនុស្ស២៥នាក់ នៅទីក្រុង Belgorod៕

រូបភាពពី Reuters