(មូស្គូ)៖ ឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៉ី លោក Andrei Belousov បាននិយាយនៅថ្ងៃសៅរ៍នេះថា រុស្ស៉ីគ្រោងផលិតយន្តហោះដ្រូនឲ្យបានច្រើនជាង ៣២,០០០គ្រឿងជារៀងរាល់ឆ្នាំនៅឆ្នាំ ២០៣០ ហើយអ្នកផលិតក្នុងស្រុកនឹងមានចំណែក ៧០ភាគរយនៃទីផ្សារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។

លោក Belousov បានប្រាប់ TASS យ៉ាងដូច្នេះថា «បរិមាណផលិតកម្មប្រចាំឆ្នាំនៃយានគ្មានមនុស្សបើក (ដ្រូន) ដោយមិនរាប់បញ្ចូលដ្រូនសម្រាប់ប្រើប្រាស់ក្នុងការសិក្សានោះ ត្រូវបានគ្រោងទុកក្នុងចំនួន ៣២,០០០គ្រឿង ដែលបរិមាណនេះគឺខ្ពស់ជាងបរិមាណផលិតបច្ចុប្បន្នជិត ៣ដង។ ក្នុងពេលជាមួយគ្នានេះក៏មានការគ្រោងទុកថា ការផលិតយន្តហោះដ្រូនរុស្ស៉ី នឹងរួមចំណែកបាន ៧០ភាគរយពីទីផ្សារនៅក្នុងស្រុក»។

លោក Belousov បានឲ្យដឹងទៀតថា រុស្ស៉ីនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងជាតិផលិតយន្តហោះដ្រូន ជាមួយនិងថវិការចំនួន ៦៩៦ពាន់លានរូប្លិ៍ ឬស្មើនឹង ៧.៦៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០៣០ ហើយព័ត៌មានលម្អិតបន្ថែមទៀតនឹងប្រកាសនៅក្នុងខែមករានេះ។

គួរបញ្ជាក់ថា រុស្ស៉ី និងអ៊ុយក្រែន បានប្រើប្រាស់យន្តហោះដ្រូនយ៉ាងច្រើនក្នុងសង្រ្គាមដែលគ្មានសញ្ញាបិទបញ្ចប់ជិត ២ឆ្នាំមកនេះ ហើយភាគីទាំងពីរកំពុងបង្កើនការផលិតរៀងៗខ្លួន៕

រូបភាពពី Sputnik