(ប៉េកាំង)៖ នៅថ្ងៃសៅរ៍នេះ រដ្ឋាភិបាលចិនបានឲ្យដឹងថា ក្រុមមន្ត្រីជាន់ខ្ពស់របស់ខ្លួនបានជួបពិភាក្សាជាមួយភាគីមីយ៉ាន់ម៉ា ខណៈដែលទីក្រុងប៉េកាំងមានការព្រួយបារម្ភកាន់តែខ្លាំងអំពីសន្តិសុខនៅព្រំដែន និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ស្របពេលក្រុមចលនាតស៊ូប្រដាប់អាវុធកំពុងដាក់សម្ពាធប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។

ក្រសួងការបរទេសចិន បានប្រកាសថា អនុរដ្ឋមន្ត្រីការបរទេស លោក Sun Weidong បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ ដោយជួបជាមួយមេដឹកនាំយោធានៃរបបសឹក លោក Min Aung Hlaing ដើម្បីពិភាក្សាលើប្រធានបទមួយចំនួនរួមទាំងស្ថិរភាពព្រំដែន និងការបង្ក្រាបបទល្មើសឆបោក។ ដោយឡែក កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ លោក Wang Xiaohong ក៏បានសន្ទនាតាមប្រព័ន្ធអនឡាញជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា លោក Yar Pyae ផងដែរ។

គួរបញ្ជាក់ថា ចិនមានការខកចិត្តកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែកង្វះចំណាត់ពីសំណាក់របបសឹកមីយ៉ាន់ម៉ាលើការបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកដែលកំណត់គោលដៅពលរដ្ឋចិន។ ជាមួយគ្នានេះ ការប្រយុទ្ធគ្នារវាងយោធា និងក្រុមចលនាស៊ូប្រដាបអាវុធនៅតាមបណ្តោយព្រំដែនភាគខាងជើងជាប់ជាមួយចិន ក៏បាននិងកំពុងកើតមានយ៉ាងខ្លាំងក្លាជាច្រើនសប្តាហ៍មកហើយ៕

រូបភាពពី Reuters