(អង់ការ៉ា)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងត្រូវជួបមេដឹកនាំរបស់ប្រទេសតួកគី និងក្រិកនៅក្នុងការចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ១សប្តាហ៍ ដែលមានគោលបំណងកាត់បន្ថយភាពតានតឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមផ្ទុះសង្រ្គាមរវាងជាមួយក្រុមហាម៉ាស កាលខែតុលា មក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។

លោក Blinken បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ក្នុងទីក្រុងអ៉ីស្តង់ប៊ុល ហើយនឹងជួបលោកប្រធានាធិបតី Tayyip Erdogan ដែលត្រូវបានគេមើលឃើញថាអ្នករិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពយោធារបស់អ៉ីស្រាអែលនៅតំបន់ហ្គាហ្សា។ កិច្ចពិភាក្សានៅតួកគី ក៏ត្រូវបានគេរំពឹងថានឹងគ្របដណ្តប់លើដំណើរការផ្តល់សច្ចាប័នដល់សមាជិកភាពរបស់ស៊ុយអែតនៅក្នុងអង្គការណាតូផងដែរ។

បន្ទាប់មក លោក Blinken នឹងធ្វើដំណើរទៅកាន់កោះ Crete ដើម្បីជួបលោកនាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis។ លោក Blinken ក៏នឹងចំណាយពេលប៉ុន្មានថ្ងៃទៀតទៅកាន់បណ្តារដ្ឋអារ៉ាប់ អ៉ីស្រាអែល និងតំបន់ West Bank។ បើតាមមន្ត្រីអាមេរិកមួយរូប ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យប្រទេសក្នុងតំបន់រួមទាំងតួកគី ដើរតួក្នុងការកសាងអភិបាលកិច្ច និងសន្តិសុខសម្រាប់តំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ចាប់តាំងពីឆ្នាំ ២០០៧។

គួរបញ្ជាក់ថា ផ្តើមចេញពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាសម្លាប់មនុស្ស ១,២០០នាក់។ បើតាមអាជ្ញាធរមន្ត្រីប៉ាឡេស្ទីន ការសងសឹករបស់អ៉ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ២២,៦០០នាក់ ហើយជម្លោះកំពុងហៀរចេញទៅតំបន់ West Bank លីបង់ និងផ្លូវទឹកនៃតំបន់សមុទ្រក្រហម៕

រូបភាពពី Reuters