(បេរូត)៖ ក្រុម Hezbollah មានមូលដ្ឋានក្នុងប្រទេសលីបង់ បានបាញ់មីស៊ីលជាង ៦០គ្រាប់ លើមូលដ្ឋានយោធាមួយស្ថិតនៅភាគខាងជើងអ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី៦ ខែមករានេះ ហើយក៏បានអះអាងដែរថាការវាយប្រហារនេះគឺជាសងសឹកក្នុងជំហានដំបូង ចំពោះការធ្វើឃាតមេដឹកនាំរងម្នាក់របស់ហាម៉ាសក្នុងរដ្ឋធានីបេរូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

មេដឹកនាំរងរបស់ក្រុមហាម៉ាស លោក Saleh al-Arouri ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយយន្ដហោះដ្រូនកាលពីថ្ងៃអង្គារ ទី២ ខែមករា នៅឯតំបន់ Dahiyeh នៃជាយរដ្ឋធានីបេរូត ប្រទេសលីបង់។ ទាំងក្រុមហាម៉ាស និង Hezbollah បានចោទប្រកាន់ថាការធ្វើឃាតលោក Arouri គឺជាទង្វើរបស់អ៉ីស្រាអែល តែអ៉ីស្រាអែល មិនបានទទួលស្គាល់ជាផ្លូវការទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុម Hezbollah ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បានគូសបញ្ជាក់ដូច្នេះថា «ជាផ្នែកមួយនៃការសងសឹកជាជំហានដំបូងទៅនឹងទង្វើ ឧក្រិដ្ឋនៃការធ្វើឃាតមេដឹកនាំដ៏អស្ចារ្យ លោក Saleh al-Arouri ... ចលនាតស៊ូឥស្លាម (Hezbollah) បានបាញ់មីស៊ីល ៦២គ្រាប់ប្រភេទផ្សេងៗគ្នាលើមូលដ្ឋាន គ្រប់គ្រងដែនអាកាស Meron»។ ខាងយោធាអ៉ីស្រាអែល ក៏បានឱ្យដឹងដែរថាខ្លួនបានកំណត់សញ្ញាគ្រាប់រ៉ុក្កែតប្រហែលជា ៤០គ្រាប់ បាញ់ចេញពីទឹកដីលីបង់ នៅថ្ងៃព្រឹកថ្ងៃសៅរ៍នេះ ហើយភ្លាមៗ កងកម្លាំងអ៉ីស្រាអែលបានវាយប្រហារលើមូលដ្ឋានដែលគ្រាប់រ៉ុក្កែតនេះត្រូវបានបាញ់ចេញ។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពី ការខូចខាត ឬជនរងគ្រោះនោះទេ។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំ Hezbollah លោក Hassan Nasrallah បានព្រមានអ៉ីស្រាអែលថា Hezbollah នឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ទៅនឹងការធ្វើឃាតលោក Arouri។ បើតាម AFP ចាប់តាំងពីសង្រ្គាមនៅហ្កាហ្សាផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលាមក ការបាញ់ផ្លោងឆ្លងដែនដាក់គ្នារវាងអ៉ីស្រាអែល និង Hezbollah បានសម្លាប់មនុស្ស ១៧៥នាក់ ក្នុងប្រទេសលីបង់ ក្នុងនោះរួមមានទាំងក្រុមអ្នកប្រយុទ្ធ Hezbollah ១២៩នាក់ និងជនស៊ីវិលជាង២០នាក់ រួមទាំងអ្នកកាសែត៣រូបផងដែរ។

ចំណែក អាជ្ញាធរអ៉ីស្រាអែលវិញបានអះអាងថា នៅភាគខាងជើងអ៉ីស្រាអែលទាហាន ៩នាក់ និងជនស៊ីវិល ៤នាក់ ត្រូវបានសម្លាប់៕

រូបភាពពី AFP