(ហ្កាហ្សា)៖ អ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី៦ ខែមករានេះបានបន្តបង្កើនការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ខណៈអង្គការសហប្រជាជាតិព្រមានថា ដែនដីប៉ាឡេស្ទីន មួយនេះបានក្លាយជា «ទឹកដីមួយមិនអាចរស់នៅបាន» ទៅហើយ ៣ខែក្រោយសង្រ្គាមផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍នេះ លើទីក្រុង Rafah ស្ថិតនៅភាគខាងត្បូង តំបន់ហ្កាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនរាប់សែននាក់កំពុងរកកន្លែងសុវត្ថិភាពគេចពីការវាយប្រយុទ្ធគ្នា។ ខណៈសំណង់អគារ និងផ្ទះមួយផ្នែកធំត្រូវបាន អ៉ីស្រាអែលទម្លាក់គ្រាប់បែកកម្ទេចរាបដល់ដី ប្រមុខផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) លោក Martin Griffiths កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថាតំបន់ហ្កាហ្សាសព្វថ្ងៃបានក្លាយជាកន្លែងមួយដែលមនុស្សមិនអាចរស់នៅបាន។ ចំណែក ទីភ្នាក់ងារ UN សម្រាប់កុមារក៏បានព្រមានដែរថាកុមារ ហ្កាហ្សា ជាង ១.១លាននាក់ កំពុងស្ថិតក្រោមការគំរាមកំហែងនៃការខ្វះខាតអាហាររូបត្ថម្ភ រួមទាំងការខ្វះខាតសេវាសុខាភិបាលធ្ងន់ធ្ងរ។

កាលពីថ្ងៃសុក្រនោះដែរ អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Daniel Hagari បានបញ្ជាក់ថាកងទ័ពអ៉ីស្រាអែលកំពុងបន្តវាយប្រយុទ្ធនៅគ្រប់ផ្នែកទាំងអស់នៃតំបន់ ហ្កាហ្សា ទាំងភាពកណ្ដាល ភាគខាងត្បូង និងភាគខាងជើង ហើយសង្រ្គាមនឹងបន្តធ្វើឡើងរហូតទាល់តែអ៉ីស្រាអែលសម្រេចគោលដៅរបស់ខ្លួន នោះគឺកម្ទេចក្រុម ហាម៉ាស។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលហ្កាហ្សា ចំនួនមនុស្សត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែល បានកើនដល់ ២២,៦០០នាក់ហើយ ក្នុងនោះ ភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីអ៉ីស្រាអែលធ្វើសង្រ្គាមសងសឹកនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងរបស់ខ្លួន ដែលបានសម្លាប់មនុស្ស ១,១៤០នាក់ ភាគច្រើនជាជនស៊ីវិល។ ក្រុមហាម៉ាសក៏បានចាប់មនុស្សជាង ២៥០នាក់ជាចំណាប់ខ្មាំងដែរ ហើយក្នុងចំណោមពួកគេ មាន១៣២នាក់ទៀតកំពុង ជាប់ឃុំក្នុងដៃហាម៉ាស ខណៈអ៉ីស្រាអែលជឿថាចំណាប់ខ្មាំងយ៉ាងហោច ២៤នាក់បានស្លាប់៕

រូបភាពពី Reuters