(បាងកក)៖ សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអះអាងពីការវាយដណ្ដើមបានទីក្រុងដ៏សំខាន់មួយស្ថិតនៅតាម បណ្ដោយព្រំដែនភាគខាងជើងនៃប្រទេស ជាប់ព្រំដែនជាមួយចិន បន្ទាប់ពីការវាយប្រយុទ្ធគ្នាជាមួយកងទ័ពរបបសឹកអស់រយៈពេលជាច្រើន សប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។

ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច Three Brotherhood Alliance បានប្រកាសពី ការវាយដណ្ដើមបានទីក្រុង Laukkai ក្រោយទីបញ្ជាការកណ្ដាលនៃយោធាមីយ៉ាន់ម៉ានៅទីនោះទម្លាក់អាវុធសុំចុះចាញ់។ សេចក្ដីថ្លែងការណ៍នេះដដែល បានគូសបញ្ជាក់ដូច្នេះថា «សមាជិកទាំងអស់នៃបញ្ជាការដ្ឋានប្រតិបត្តិការយោធារបស់កងទ័ពមីយ៉ាន់ម៉ានៅក្នុងទីក្រុង Laukkai បានទម្លាក់អាវុធ ហើយ Laukkai បានក្លាយជាទីក្រុងត្រូវបានបោសសម្អាតមួយ ជាទីដែលនឹងមិនមានវត្តមានកងទ័ពមីយ៉ាន់ម៉ាទៀតនោះទេ»

សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច បានបន្ថែមថាទាហានរបបសឹក ព្រមទាំងមន្ត្រីមួយចំនួនបានទម្លាក់អាវុធចុះចាញ់ និងត្រូវបានចាប់ខ្លួន។ ចំណែក អ្នកនាំពាក្យយោធារបបសឹក លោក Zaw Min Tun បានប្រាប់សារព័ត៌មាននៅក្នុងស្រុក Popular News នៅថ្ងៃទី៦ ខែមករាដែរថាយោធាបានសម្រេចចិត្ត បោះបង់ចោលទីក្រុង Laukkai ក្រោយការពិចារណាមួយយ៉ាងលំបាក។

គួរបញ្ជាក់ថា ការវាយដណ្ដើមបានទីក្រុង Laukkai គឺជាជ័យជម្នះចុងក្រោយបំផុត របស់សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច ចាប់តាំងពីពួកគេ បានបង្កើនការវាយលុកលើយោធារបបសឹកនៅតាមតំបន់ព្រំដែនចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ខណៈក្រុមអ្នកវិភាគថាយោធាមីយ៉ាន់ម៉ាកំពុងប្រឈម នឹងការគំរាមកំហែងដ៏ធំបំផុតមិនធ្លាប់មានចំពោះអំណាចរបស់ពួកគេ ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១មក៕

រូបភាពទីក្រុង Laukkai ដោយ Reuters