(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានទទួលស្គាល់ថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យតាំងតែពីថ្ងៃចន្ទដើមសប្ដាហ៍នេះមកម្ល៉េះ តែមិនមានបញ្ជាក់លម្អិតពីមូលហេតុនោះទេ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។

នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បានឱ្យដឹងថាលោក Austin បានចូលសម្រាកព្យាបាលនៅឯ មន្ទីរពេទ្យ Walter Reed National Military Medical Center កាលពីថ្ងៃទី១ ខែមករា ដោយសារតែមានបញ្ហាបន្តិចបន្តួចក្នុងដំណើរការព្យាបាល និងពិនិត្យសុខភាព។ លោក Ryder មិនបានបញ្ជាក់លម្អិតពីបញ្ហាសុខភាពរបស់លោករដ្ឋមន្ត្រីការពារជាតិអាមេរិកនោះទេ ដោយសំអាងលើឯកជនភាពរបស់អ្នកជំងឺ។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះបានឱ្យដឹងថាលោក Austin ដែលមានអាយុ ៧០ឆ្នាំ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ ហើយត្រូវបានរំពឹងថាអាចនឹងត្រឡប់ទៅបំពេញការងារ វិញនៅថ្ងៃសុក្រសប្ដាហ៍នេះ។

គួរបញ្ជាក់ថា អំឡុងលោក Austin សម្រាកនៅមន្ទីរពេទ្យ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Kathleen Hicks នឹងទទួលបន្ទុកកិច្ចការគ្រប់យ៉ាងជំនួស រដ្ឋមន្ត្រីការពារជាតិ នៅក្នុងករណីចាំបាច់៕