(តហេរ៉ង់)៖ អ្នកកាន់ទុក្ខអ៊ីរ៉ង់នៅថ្ងៃសុក្រសប្តាហ៍នេះ ស្រែកត្រហោយំ និងសម្រក់ទឹកភ្នែកលើមឈូសជនរងគ្រោះ នៃការបំផ្ទុះដ៏សាហាវចំនួនពីរលើកនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា ជនសង្ស័យមួយចំនួនត្រូវបានចាប់ខ្លួន ជុំវិញការវាយប្រហារដែលអះអាងទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ីស្លាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

ហ្វូងមនុស្សបានស្រែកថា «សងសឹក សងសឹក» នៅក្នុងវីដេអូទូរទស្សន៍រដ្ឋនៃពិធីបុណ្យសពនៅក្នុងទីក្រុង Kerman ដែលជាកន្លែងកើតហេតុកាលពីថ្ងៃពុធ ដែលជាការវាយប្រហារយ៉ាងបង្ហូរឈាមបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩។

មនុស្សជិត ១០០នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែក នៅឯពិធីរំលឹកខួបវិញ្ញាណក្ខន្ធដល់មេបញ្ជាការយោធាឧត្តមសេនីយ Qassem Soleimani ដែលត្រូវបានធ្វើឃាតនៅប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០២០ ដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក។

ការវាយប្រហារនេះ បានកើតឡើងចំពេលមានភាពតានតឹងក្នុងតំបន់ ខណៈដែលសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាជិតឈានដល់រយៈពេលបីខែហើយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ahmad Vahidi បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា ជនសង្ស័យមួយចំនួនត្រូវបានចាប់ខ្លួន។ លោកបាននិយាយដោយមិនបានបញ្ជាក់លម្អិត ដូច្នេះថា «ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលមានសមត្ថភាពរបស់ប្រទេសរបស់យើង បានរកឃើញតម្រុយល្អៗ ទាក់ទងនឹងធាតុដែលពាក់ព័ន្ធនឹងការបំផ្ទុះភេរវកម្មនៅទីក្រុង Kermanហើយមនុស្សមួយចំនួនដែលពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះត្រូវបានចាប់ខ្លួន»៕

រូបភាពពី Reuters