(សេអ៊ូល)៖ ចាប់តាំងពីបើកទំព័រឆ្នាំថ្មីមក មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគំរាមម្ដងហើយម្ដងទៀតពីការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ហើយថែមទាំងបានបញ្ជាឱ្យ កងទ័ពកូរ៉េខាងជើង កម្ទេចកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកទៀតផង ដោយមិនត្រូវស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសត្រូវហ៊ានបង្កជម្លោះមុន។ ប៉ុន្តែ ក្នុងពេលដំណាលគ្នា សហរដ្ឋអាមេរិក ក៏បានផ្លោងសម្ដីគំរាមដាក់កូរ៉េខាងជើងវិញដែរថាការវាយប្រហារដោយអាវុធនុយក្លេអ៊ែរលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងនាំទៅរកថ្ងៃអវសាននៃរបបដឹកនាំលោក គីម ជុងអ៊ុន។

យ៉ាងណាក៏ដោយ ជាការបន្ថែមអនុភាពលើសារគំរាមរបស់លោក គីម ជុងអ៊ុន កូរ៉េខាងជើងនៅថ្ងៃសុក្រ ទី៥ ខែមករានេះ បានបាញ់កាំភ្លើងធំសរុបជាង ២០០គ្រាប់ ចូលទៅ ក្នុងផ្ទៃសមុទ្រនៅភាគខាងលិចប្រទេសរបស់ខ្លួន ក្បែរតំបន់ព្រំដែនសមុទ្រជាមួយកូរ៉េខាងត្បូង ខណៈប្រជាជននៅកោះចំនួន ២កន្លែងរបស់កូរ៉េខាងត្បូងត្រូវបានបង្គាប់ឱ្យ ជម្លៀសខ្លួនចេញ។ កូរ៉េខាងត្បូង បានចាត់ទុកការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង គឺជាសកម្មភាពបង្កហេតុដែលបង្កើនភាពតានតឹង និងគំរាមកំហែង​សន្តិភាពនៃតំបន់ ឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ ការបាញ់សព្វាវុធនោះ មិនបានបង្កឱ្យមានការខូចខាតផ្នែកស៉ីវិល ឬយោធា​នៅកូរ៉េខាងត្បូងឡើយ។ ជាមួយគ្នានេះ យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងចាត់វិធានការឆ្លើយតបសមស្របទៅវិញ ជាមួយការធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្នុងថ្ងៃដដែលនោះ។

កាលពីឆ្នាំ២០១០ កូរ៉េខាងជើង បានបាញ់កាំភ្លើងធំជាច្រើនគ្រាប់សំដៅលើកោះ Yeonpyeong និងបណ្តាលឱ្យមនុស្ស​ ៤នាក់ស្លាប់ ក្នុងនោះរួមមានជនស៉ីវិល ២នាក់។ វាគឺជាការវាយប្រហារធ្ងន់បំផុតមួយរបស់ទីក្រុងព្យុងយ៉ាង មកលើប្រទេសកូរ៉េខាងត្បូង គិតចាប់តាំងពីសង្រ្គាមកូរ៉េបានបញ្ចប់ទៅ ក្រោមបទឈប់បាញ់ កាលពីឆ្នាំ១៩៥៣។ នាពេលនោះ ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនត្រូវបាន​បង្ខំធ្វើការវាយប្រហារយ៉ាងដូច្នោះ ដោយសារការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងត្បូង ដែលបានធ្លាក់គ្រាប់ចូលទៅក្នុងដែនទឹកអធិបតេយ្យរបស់កូរ៉េខាងជើង។

* ឆ្លុះបញ្ចំាងពីការពិត
នៅក្នុងពេលគំរាមពីសង្រ្គាម អំឡុងដឹកនាំកិច្ចប្រជុំបក្សពលករ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ លោក គីម ជុងអ៊ុន ក៏បានប្រកាសផងដែរថាកូរ៉េខាងជើងនឹងមិនស្វែងរកការផ្សះផ្សារ ឬការបង្រួបបង្រួមជាតិជាមួយទីក្រុងសេអ៊ូលទៀតនោះទេ ហើយថែមទាំងបានចាត់ទុកកូរ៉េខាងត្បូងជាសត្រូវផងដែរ។ ប៉ុន្តែ ក្រុមអ្នកតាមដានស្ថានការណ៍កូរ៉េខាងជើង ដូចជា លោកស្រី Rachel Minyoung Lee មកពីមជ្ឈមណ្ឌល Stimson Center មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បាននិយាយថាការគំរាមរបស់លោក គីម ជុងអ៊ុន គឺបង្ហាញពីតថភាព ពិតនៃទំនាក់ទំនងពិតប្រាកដរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលកាន់តែប្រេះឆា និងបែកបាក់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ។

ម្លោះហើយក្រុមអ្នកវិភាគមួយចំនួនរួមទាំងលោកស្រី Rachel យល់ថាដោយសារតែការសម្លុតគំរាមរបស់លោក គីម ឆ្លុះបញ្ចុះពីស្ថានភាពដើម ពោលគឺធម្មជាតិនៃភាពមិន ចុះសម្រុងគ្នារបស់កូរ៉េខាងជើងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នោះវានឹងមិនមានការប្រែប្រួលធំដុំ នៅក្នុងទំនាក់ទំនងដែលមានអរិភាពរួចទៅហើយនោះរវាងកូរ៉េទាំង២ នោះទេ។ ជាឧទាហរណ៍ អំឡុងភាពតានតឹងឡើងដល់កំពូលតាមរយៈការផ្លោងសម្ដីធ្វើសង្រ្គាមកម្ទេចគ្នាទៅវិញទៅមក អំឡុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ធ្លាប់នាំទៅរក ភាពធូរសា្រល និងកិច្ចចរចាការទូតជាច្រើនលើកក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ រវាងលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នៅត្រង់នេះលោក គីម ជុងអ៊ុន ក៏ត្រូវរង់ចាំអ៊ុតមើលសិនដែរថាតើលោក ត្រាំ អាចត្រឡប់មកកាន់តំណែងជាប្រធានាធិបតី របស់សហរដ្ឋអាមេរិកសាជាថ្មីឬក៏យ៉ាងណា នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២៤។

* ហេតុអ្វីលោក គីម ជុងអ៊ុនចូលចិត្តគំរាមប្រើអាវុធនុយក្លេអ៊ែរ?
ការគំរាមប្រើអាវុធនុយក្លេអ៊ែររបស់លោក គីម ជុងអ៊ុន មិនមែនជារឿងថ្មីថ្មោងនោះទេ ដោយកាលឆ្នាំ២០១៣ លោកក៏ធ្លាប់គំរាមពីការផ្ទុះសង្រ្គាមលោកលើកទី៣ និងគំរាមកម្ទេច មូលដ្ឋានទ័ពហ្កាំរបស់សហរដ្ឋអាមេរិកឱ្យទៅជាផេះក្នុងជំនាន់លោក ដូណាល់ ត្រាំដែរ។ តែជាទ្រឹស្ដីទូទៅក្នុងចំណោមអ្នកវិភាគពីកូរ៉េខាងជើង ការសម្លុតគំរាមបែបនេះអាចឱ្យ លោក គីម ជុងអ៊ុន យកទៅប្រើប្រាស់ដើម្បីពង្រឹងអំណាចរបស់លោកនៅក្នុងប្រទេស ដោយបង្ហាញដល់ក្រុមមន្ត្រីនៅកូរ៉េខាងជើងថារូបលោកជាមេដឹកនាំម្នាក់ពោរពេញដោយ សមត្ថភាព និងមានតែលោកទេដែលហ៊ានប្រឈមមុខជាមួយសហរដ្ឋអាមេរិក។ លោក Bruce W. Bennett ជាអ្នកជំនាញខាងវិស័យការពារជាតិម្នាក់មកពីវិទ្យាស្ថាន RAND Corporation បាននិយាយថាលោក គីម ជុងអ៊ុនបានដឹងខ្លួនឯងយ៉ាងច្បាស់ថាប្រសិនបើសង្រ្គាមជាមួយកូរ៉េខាងត្បូង ដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែកផ្ទុះឡើង នោះរូប លោក និងរបបរបស់លោកក៏មិនអាចរួចខ្លួនដែរ ហើយការវាយប្រហារណាមួយដែលសម្លាប់ជនជាតិកូរ៉េខាងត្បូងរាប់រយនាក់ នោះវានឹងផ្ដល់ភាពត្រឹមត្រូវឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ប្រើកម្លាំងយោធាប្រឆាំងរបបរបស់លោក។

តែទោះជាបែបនេះក្ដី មិនមែនមានន័យថាក្នុងភាពតានតឹងសព្វថ្ងៃ កូរ៉េខាងជើងនឹងនៅស្ងៀមមិនធ្វើអ្វីសោះនោះទេ។ ចាប់តាំងពីឆ្នាំ២០១០មក លោក គីម ជុងអ៊ុនបានរៀនសូត្រពី វិធីសាស្ត្រសម្លុតគំរាមនៅក្រោមកម្រិតមិនឱ្យសង្រ្គាមផ្ទុះឡើង ដូចជាការធ្វើតេស្ដមីស៊ីល ការវាយប្រហារបង្កការខូចខាតមានកម្រិត ឬមិនមានអ្នកស្លាប់ច្រើន សុទ្ធសឹងតែ ជាជម្រើសល្អដើម្បីបង្ហាញពីអំណាចរបស់លោក ខណៈព្យាយាមបញ្ចៀសកុំឱ្យកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមានហេតុផលចាត់វិធានការយោធាធ្ងន់ធ្ងរប្រឆាំងនឹងទីក្រុង ព្យុងយ៉ាង៕