(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ លោកស្រី Annalena Baerbock នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនៅថ្ងៃអាទិត្យសប្តាហ៍នេះ ដែលជាដំណើរទស្សនកិច្ចលើកទីបួនរបស់លោកស្រី ចាប់តាំងពីការផ្ទុះសង្រ្គាមនៅតំបន់ហ្គាហ្សា នេះបើយោងតាមអ្វីដែលអ្នកនាំពាក្យក្រសួងការបរទេសបានប្រកាស ដែលបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេស លោក Sebastian Fischer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយនៅថ្ងៃសុក្រសប្តាហ៍នេះថា លោកស្រី Baerbock នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថ្មី លោក Yisrael Katz ក៏ដូចជាប្រធានាធិបតី លោក Isaac Herzog ។ លោកស្រីក៏នឹងជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និងរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riyad al-Maliki ផងដែរ។
រដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ ក៏គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីជួបសមភាគីលោក Sameh Shoukry ហើយក៏មានបំណងទៅបំពេញទស្សនកិច្ចនៅលីបង់ទៀតផង។
លោក Fischer បាននិយាយថា កិច្ចពិភាក្សានឹងផ្តោតលើ «ស្ថានភាពមនុស្សធម៌ដ៏សោកនាដកម្មនៅតំបន់ហ្គាហ្សា ស្ថានភាពនៅ West Bank និងស្ថានភាពប្រែប្រួលយ៉ាងខ្លាំងនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ «ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការដោះលែងចំណាប់ខ្មាំងក្រុមហាម៉ាសបន្ថែមទៀត។
ក្តីបារម្ភកំពុងកើនឡើងថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអាចរីករាលដាល បន្ទាប់ពីមេដឹកនាំក្រុមសកម្មប្រយុទ្ធម្នាក់ត្រូវបានធ្វើឃាតនៅជាយក្រុងនៃរដ្ឋធានី Beirut ប្រទេសលីបង់។ បន្ថែមពីលើការសម្លាប់ ដែលត្រូវបានគេជឿជាក់យ៉ាងទូលំទូលាយថា ធ្វើឡើងដោយអ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលបានផ្លាស់ប្តូរការបាញ់ប្រហារឆ្លងព្រំដែនជាមួយនឹងក្រុមយុទ្ធជនហេសបូឡាជាច្រើនខែមកហើយ។
លោក Fischer បាននិយាយថាហានិភ័យនៃការកើនឡើងគឺ «ពិតប្រាកដណាស់»។ ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធ បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានចេញដំណើរកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ ក្នុងដំណើរទស្សនកិច្ចការទូតទៅកាន់មជ្ឈិមបូព៌ា រួមទាំងប្រទេសអ៊ីស្រាអែល ដែលជាការធ្វើដំណើរលើកទីបួនរបស់គាត់ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម៕
រូបភាពពី AFP