(ឡុងដ៍)៖ ទន្លេសំខាន់ៗនៅទូទាំងប្រទេសអង់គ្លេសត្រូវបានជន់លិចកាលពីថ្ងៃសុក្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដោយរដ្ឋាភិបាលបានចេញការព្រមានទឹកជំនន់ជាង ៣០០ ដង ហើយប្រតិបត្តិករទេសចរណ៍បានប្រកាសពីការរំខានយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងផ្ទះប្រហែល ១,០០០ ខ្នង រងការខូចខាតរហូតមកដល់ពេលនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។
ព្យុះជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បាននាំមកនូវភ្លៀងធ្លាក់រយៈពេលយូរនៅលើដីឆ្អែត ហើយបានបណ្តាលឱ្យទន្លេ និងផ្លូវទឹកដែលហើមរួចហើយបានផ្ទុះច្រាំង នៅទូទាំងប្រទេសអង់គ្លេស និងវេលស៍។ ព្យុះនេះក៏បានបង្កជាទឹកជំនន់នៅតំបន់ផ្សេងទៀត នៃអឺរ៉ុបក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ។
ទន្លេ Trent នៅកណ្តាលប្រទេសអង់គ្លេសបានជន់លិច ដែលជំរុញឱ្យអាជ្ញាធរក្នុងតំបន់ប្រកាសឧបទ្ទវហេតុដ៏ធំមួយ។ សេវាកម្មពន្លត់អគ្គីភ័យរបស់ទីក្រុងឡុងដ៍បាននិយាយថា ខ្លួនបាននាំមនុស្សប្រហែល ៥០ នាក់ទៅកាន់ទីសុវត្ថិភាពកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រឡាយមួយនៅភាគខាងកើតនៃរដ្ឋធានីបានហូរហៀរ។
នាយកទីភ្នាក់ងារបរិស្ថានទទួលបន្ទុកគ្រប់គ្រងទឹកជំនន់ លោក Caroline Douglas
បានប្រាប់ BBC ថា «យើងបានភ្ញាក់ឡើង ក៏ដូចជាមនុស្សជាច្រើនទៀតដែរ បានឃើញស្ថានភាពសើមខ្លាំងនៅទូទាំងប្រទេស»។ លោកបានបន្ថែមថា ផ្ទះប្រហែល ១,០០០ ខ្នងត្រូវបានជន់លិចរហូតមកដល់ពេលនេះ ខណៈខ្សែររថភ្លើងមួយចំនួននៅភាគខាងត្បូង នៃប្រទេសត្រូវបានបិទ ហើយផ្លូវថ្នល់ក៏ត្រូវបានបិទផងដែរ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត៕
រូបភាពពី Reuters