(តូក្យូ)៖ ប្រទេសជប៉ុនគ្រោងនឹងទទួលយកក្រុមសង្រ្គោះមកពីសហរដ្ឋអាមេរិក ប៉ុន្តែមិនទទួលយកជំនួយពីតំបន់ ឬប្រទេសណាមួយផ្សេងទេ សម្រាប់ពេលនេះ ពោលគឺ៤ថ្ងៃមកហើយ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ បណ្តាលឲ្យមនុស្សស្លាប់កើនឡើងជិត ១០០នាក់ និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន Nikkei នៅថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០២៤។

សហរដ្ឋអាមេរិក និងជប៉ុនកំពុងពិភាក្សាគ្នាអំពីរបៀប និងពេលវេលា ដែលកងកម្លាំងអាមេរិកអាចចូលរួមកិច្ចសម្របសម្រួល ជាមួយកងកម្លាំងស្វ័យការពារជប៉ុន លើកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ពីគ្រោះមហន្តរាយទាំងនៅក្នុង និងជុំវិញតំបន់ Noto។ លោក Yoshimasa Hayashi អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន បានបញ្ជាក់នៅថ្ងៃសុក្រនេះថា «យើងមិនទទួលយកបុគ្គលិក ឬជំនួយសម្ភារៈណាមួយនៅពេលនេះទេ ដោយយោងលើស្ថានការណ៍នៅតំបន់រងគ្រោះ បូករួមជាមួយកិច្ចខិតខំប្រឹងប្រែងដែលត្រូវធ្វើ ដើម្បីទទួលបានជំនួយទាំងនោះ»។ យ៉ាងនេះក្តី លោក Hayashi បានបដិសេធបកស្រាយ អំពីខ្លឹមសារនៃកិច្ចពិភាក្សា ជាមួយភាគីអាមេរិក។

គួរបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិក ធ្លាប់ចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ គ្រោះមហន្តរាយរញ្ជួយដីនៅជប៉ុន កាលពីឆ្នាំ ២០១១ ដោយការបញ្ជូនបុគ្គលិកមកច្រើនជាង ២៤,០០០នាក់ នាវា ២៤គ្រឿង និងយន្តហោះ ១៨៩គ្រឿង៕

រូបភាពពី Reuters