(ប៉េកាំង)៖ កាលពីថ្ងៃទី៤ ខែមករា ឆាកសម្តែងបន្ទាប់បន្សំ នៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៤ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនត្រូវបានប្រកាស ក្រុង Shenyang ខេត្ត Liaoning ក្រុង Changsha ខេត្ត Hunan ក្រុង Xi’an ខេត្ត Shaanxi ក្រុង Kashgar នៃភូមិភាគស្វយ័ត Xinjiang នឹងរួមជាមួយឆាកសម្តែងសំខាន់នៅក្រុងប៉េកាំង ដើម្បីនាំមកនូវកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំរោង ដែលពោរពេញទៅដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ដល់ប្រជាជនចិនទូទាំងពិភពលោកនៅយប់ដាច់ឆ្នាំតាមចន្ទគតិចិន។

អ្នកទទួលខុសត្រូវនៃមជ្ឈមណ្ឌលកម្មវិធីសិល្បៈ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនជា “អាហារសាមគ្គីនៅយប់ដាច់ឆ្នាំចិនខាងវប្បធម៌”របស់ជនជាតិចិនទាំងមូល ហើយក៏បានក្លាយជា “នាមប័ណ្ណ”នៃការផ្សព្វផ្សាយអន្តរជាតិ នូវវប្បធម៌ប្រជាជាតិចិនផងដែរ។ ដើម្បីសម្រេចបាននូវគោលដៅរួម ដែលប្រកបដោយ“ក្តីសប្បាយរីករាយ”យ៉ាងពេញទំហឹង រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៤ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងប្រើប្រាស់រូបមន្ត “១+៤” ដែលបង្ហាញពីទំនៀមទម្លាប់ប្រជាប្រិយដ៏សម្បូរបែប នៅតំបន់នានាទូទាំងប្រទេសចិន ក៏ដូចជាទិដ្ឋភាពថ្មីនិងយុគសម័យថ្មីដ៏ចម្រុះពណ៌៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន