(ម៉ានីល)៖ ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រទេសហ្វីលីពីននៅតែបន្តបើកទ្វារចំហ ចំពោះកិច្ចពិភាក្សា​តាមផ្នែកការទូតជាមួយចិន ហើយជឿជាក់ថា ប្រទេសទាំងពីរនឹងអាចសម្រេចបានដំណោះស្រាយ សម្រាប់បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង តាមរយៈការសន្ទនាដោយសន្តិវិធី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៣។

ការអត្ថាធិប្បាយដូចខាងលើ របស់ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo Ano ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសចិន បានថ្កោលទោសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចំពោះប្រតិបត្តិការល្បាតរួមគ្នា រវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ដោយហៅថា ជាសកម្មភាពបង្កហេតុ និងគ្មានការទទួលខុសត្រូវ។

ឆ្លើយតបការរិះគន់របស់ចិន លោក Ano បាននិយាយដូច្នេះថា «ប្រតិបត្តិការល្បាតជាមួយអាមេរិក និងការធ្វើសកម្មភាពនាពេលអនាគត ដែលអាចប្រព្រឹត្តទៅ ជាមួយប្រទេសសម្ព័ន្ធមិត្តរបស់យើងដទៃទៀត គឺបង្ហាញពីការប្តេជ្ញារួមគ្នារបស់ពួកយើង ចំពោះសន្តិសុខសណ្តាប់ធ្នាប់ ដែលផ្អែកលើច្បាប់អន្តរជាតិ ហើយមានគោលដៅលើកកម្ពស់សន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់ទាំងមូល»។

លោកទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន បានបន្តយ៉ាងដូច្នេះថា «ហ្វីលីពីននៅតែស្វាគមន៍កិច្ចពិភាក្សាការទូតជាមួយចិន និងប្តេជ្ញាព្យាយាម​កសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសទាំងអស់។ យើងជឿជាក់ថា តាមរយៈកិច្ចសន្ទនាប្រកបដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ពួកយើងមុខជានឹងអាចសម្រេចបានដំណោះស្រាយ ដែលបម្រើដល់ផលប្រយោជន៍ល្អប្រសើរបំផុតនៃភាគីទាំងអស់ ដែលពាក់ព័ន្ធនៅក្នុង​តំបន់»

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ កងនាវាហ្វីលីពីនបានធ្វើសមយុទ្ធដែនសមុទ្ររយៈពេល២ថ្ងៃ ដែលបានបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍ ជាមួយ​កងនាវាសហរដ្ឋអាមេរិក ដែលរួមមានទាំងនាវាផ្ទុកយន្តហោះចម្បាំង USS Carl Vinson ផងដែរ។ វាគឺជាប្រតិបត្តិការល្បាតរួមគ្នាលើក​ទី២ រវាងប្រទេសទាំងពីរ និងក្នុងចន្លោះពេលមិនដល់២ខែ នៅឯតំបន់សមុទ្រចិនខាងត្បូង ជាទីដែលភាពតានតឹង បាននិងកំពុងកើនឡើង​កម្តៅខ្លាំង។ ក្រៅពីចេញមុខថ្កោលទោសហ្វីលីពីននិងអាមេរិក ចិនខ្លួនឯងផ្ទាល់ ក៏បានធ្វើប្រតិបត្តិការល្បាតយោធាជើងទឹក និងជើងអាកាស នៅសមុទ្រចិនខាងត្បូងផងដែរ៕

រូបភាពពី AFP