(រ៉ូម)៖ នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការគាំទ្រដល់ការអភិវឌ្ឍតំបន់អាហ្រ្វិក និងការដោះស្រាយនូវគ្រោះថ្នាក់ ដែលបង្កឡើងដោយបញ្ញាសិប្បនិមិត្ត (AI) នឹងក្លាយជាប្រធានបទដ៏សំខាន់ចំនួន ២សម្រាប់អ៉ីតាលី អំឡុងពេលកាន់តំណែងមួយឆ្នាំជាប្រធាន G7។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០២៤។

អ៉ីតាលី បានចូលកាន់តំណែងជាប្រធានប្តូរវេននៃ G7 ដែលរួមមានសហរដ្ឋអាមេរិក កាណាដា ជប៉ុន អាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស និងអ៉ីតាលី នៅដើមខែមករានេះ។ អ៉ីតាលី ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាច្រើនពេញមួយឆ្នាំ ដែលរួមមានកិច្ចប្រជុំកំពូលរបស់មេដឹកនាំ នៅក្នុងខែមិថុនា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ធំមួយ លោកស្រី Meloni បានបញ្ជាក់ថា «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃបច្ចេកវិទ្យា AI ទៅលើទីផ្សារការងារ»។ លោកស្រី Meloni បានបន្ថែមថា «អ្វីដែលខ្ញុំគិតថាត្រូវធ្វើនៅតំបន់អាហ្រ្វិក មិនមែនជាកម្មវិធីសប្បុរសធម៌ទេ តែគឺការកសាងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ដោយស្មើភាពគ្នា ការពារសិទ្ធិ មិនឲ្យមានការធ្វើចំណាកស្រុក ដោយការវិនិយោគ និងយុទ្ធសាស្ត្រ»

គួរបញ្ជាក់ថា ក្រៅពីបំណងអភិវឌ្ឍតំបន់អាហ្រ្វិក និងដោះស្រាយបញ្ហាបច្ចេកវិទ្យា AI ហើយនោះ លោកស្រីនាយករដ្ឋមន្រ្តីអ៉ីតាលី បានលើកឡើងអំពីការបន្តគាំទ្រអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី និងព្រមានថាសង្រ្គាមអ៉ីសា្រអែល-ហាម៉ាស អាចបង្កការលំបាកធ្ងន់ធ្ងរសម្រាប់តំបន់មជ្ឈិមបូព៌ា៕

រូបភាពពី Reuters