(សេអ៊ូល)៖ នាថ្ងៃសុក្រនេះ កងម៉ារីនកូរ៉េខាងត្បូង នៅលើកោះ Yeonpyeong ដែលស្ថិតនៅក្បែរព្រំប្រទល់សមុទ្រឧបទ្វីបកូរ៉េ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៃកាំភ្លើងធំ នៅប៉ុន្មានម៉ោង បន្ទាប់ពីកូរ៉េខាងជើងបានធ្វើសមយុទ្ធស្រដៀងគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថា កងទ័ពកូរ៉េខាងត្បូង បានធ្វើលំហាត់សមបាញ់គ្រាប់ពិត ដោយប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ K9 ខណៈវាគឺជាសមយុទ្ធបាញ់កាំភ្លើងធំលើកដំបូង នៅក្នុងតំបន់នោះ គិតចាប់តាំងពីប្រទេសកូរ៉េទាំងពីរ បានសម្រេចបោះបង់ចោលកិច្ចព្រមព្រៀងយោធាមួយ កាលពីខែវិច្ឆិកា ឆ្នាំមុន។ ក្រោយការបាញ់កាំភ្លើងធំប្រមាណជាង ២០០គ្រាប់របស់កូរ៉េខាងជើង ចូលទៅក្នុងផ្ទៃសមុទ្រ និងមុនពេលសមយុទ្ធបាញ់កាំភ្លើងធំខាងលើរបស់កូរ៉េខាងត្បូង ប្រជាជនស្ថិតនៅលើកោះ Yeonpyeong និងកោះមួយទៀតគឺ Baengnyeong ដែលស្ថិតក្បែរព្រំដែនសមុទ្រដូចគ្នា គឺត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាព។
ការបាញ់កាំភ្លើងធំរបស់ទីក្រុងព្យុងយ៉ាង នាថ្ងៃសុក្រនេះកើតមានឡើង បន្ទាប់ពីយោធាកូរ៉េខាងត្បូង ទើបតែបិទបញ្ចប់ការធ្វើសមយុទ្ធបាញ់សព្វាវុធធំៗ ដែលបានប្រព្រឹត្តទៅ រយៈពេល១សប្តាហ៍ ជាមួយយោធាសហរដ្ឋអាមេរិក។ ការធ្វើសមយុទ្ធរួមគ្នានោះ មានការចូលរួមពីសព្វាវុធប្រយុទ្ធធំៗសរុបប្រហែលជាង ១១០គ្រឿង រួមមានរថក្រោះ និងប្រព័ន្ធអាវុធប្រឆាំងយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង ព្រមទាំងយន្តហោះវាយប្រហារ និងរថពាសដែកប្រយុទ្ធរបស់យោធាអាមេរិក ជាដើម។ រីឯកាលពីថ្ងៃពុធសប្តាហ៍នេះ កងទ័ពជើងទឹកកូរ៉េខាងត្បូង ក៏បានប្រកាសពីការធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងការធ្វើលំហាត់យោធាប្រឆាំងនាវាមុជទឹក នៅឯដែនសមុទ្រភាគខាងកើតប្រទេសខ្លួន ថែមទៀតផង។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១០ កូរ៉េខាងជើង បានបាញ់កាំភ្លើងធំជាច្រើនគ្រាប់សំដៅមកលើកោះ Yeonpyeong និងបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ ក្នុងនោះរួមមានជនស៉ីវិល២នាក់។ វាគឺជាការវាយប្រហារធ្ងន់បំផុតមួយរបស់ទីក្រុងព្យុងយ៉ាង មកលើប្រទេសកូរ៉េខាងត្បូង គិតចាប់តាំងពីសង្រ្គាមកូរ៉េបានបញ្ចប់ទៅ ក្រោមបទឈប់បាញ់កាលពីឆ្នាំ១៩៥៣។ នាពេលនោះ ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនត្រូវបានបង្ខំធ្វើការវាយប្រហារយ៉ាងដូច្នោះ ដោយសារការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងត្បូង ដែលបានធ្លាក់គ្រាប់ចូលទៅក្នុង ដែនទឹកអធិបតេយ្យរបស់កូរ៉េខាងជើង៕
រូបភាពពី AFP