(តូក្យូ)៖ ការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារលើតំបន់ឆ្នេរសមុទ្រភាគខាងលិច កាលពីអំឡុងថ្ងៃបុណ្យចូលឆ្នាំសកល សបញ្ជាក់ពីការប្រឈមមុខចំពោះគ្រោះមហន្តរាយធម្មជាតិសម្រាប់ជប៉ុន និងនាំឲ្យមានការវែកញែកតាមអ៉ីនធឺណេត ជំរុញផែនការពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០២៤។

រោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានសង់ទីតាំងនៅតាមឆ្នេរសមុទ្រនៃតំបន់ភ្នំជប៉ុន ដែលងាយនឹងទទួលរងគ្រោះរញ្ជួយដី ក៏ដូចជារលកយក្សស៊ូណាមិ ដោយសារតែប្រទេសអាស៉ីបូព៌ាមួយនេះ ស្ថិតនៅលើតំបន់ Ring of Fire ដែលនៅជុំវិញមហាសមុទ្រប៉ាស៉ីហ្វិក។ ការរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានសម្លាប់មនុស្សជិត ១០០នាក់ នៅតំបន់ Hokuriku និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បន្សល់ទុកឲ្យផ្ទះជាច្រើនខ្នងគ្មានអគ្គិសនីប្រើប្រាស់ ហើយវាបានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការលុបចោលនូវការហាមឃាត់ ការធ្វើប្រតិបត្តិការនៃរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa របស់ក្រុមហ៊ុន Tokyo Electric ។

ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន Rystad Energy បានលើកឡើងថា «សម្រាប់ពេលនេះ សាធារណមតិជប៉ុន នៅតែមានភាពវិជ្ជមានតិចតួចអំពីថាមពលនុយក្លេអ៊ែរ ជាងមុនមានគ្រោះមហន្តរាយលើរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima។ លទ្ធផលនៃការបារម្ភជាសាធារណៈ និងគោលនយោបាយរបស់រដ្ឋាភិបាល ទំនងជាមានភាពរសើប ហើយអាចរំខានដល់ការអនុញ្ញាត ឲ្យរោងចក្រថ្មីៗទៀតដំណើការ ដែលបណ្តាលមកពីកត្តារញ្ជួយដីនាពេលថ្មីៗនេះ ឬពេលអនាគត»

គួរបញ្ជាក់ថា Tepco ដែលជាក្រុមហ៊ុនថាមពលដ៏ធំមួយនៅជប៉ុន រំពឹងថានឹងទទួលបានការអនុញ្ញាត ដើម្បីចាប់ផ្តើមដំណើការ រោងចក្រក្នុងតំបន់ឡើងវិញ ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី។ រោងចក្រថាមពលនុយក្លេអ៊ែរនោះ បានបញ្ឈប់ប្រតិបត្តិការតាំងពីឆ្នាំ២០១២៕

រូបភាពពី Reuters