(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នាថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំសរុបជាង២០០គ្រាប់ ចូលទៅក្នុងផ្ទៃសមុទ្រនៅភាគខាងលិចប្រទេសរបស់ខ្លួន ក្បែរតំបន់ព្រំដែនសមុទ្រជាមួយកូរ៉េខាងត្បូង ខណៈប្រជាជននៅកោះចំនួន២របស់កូរ៉េខាងត្បូង ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនរកកន្លែងសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។
មន្រ្តីកោះ Yeonpyeong ដែលស្ថិតនៅខាងត្បូងខ្សែបន្ទាត់ព្រំដែនសមុទ្រឧបទ្វីបកូរ៉េ Northern Limit Line ឬ NLL បានប្រាប់ថា សេចក្តីបង្គាប់ឱ្យជម្លៀសប្រជាជននៅទីនោះ ត្រូវបានធ្វើឡើងក្រោមសំណើរបស់យោធាកូរ៉េខាងត្បូង។ ចំណែកឯ អ្នកស្រុកលើកោះមួយទៀតគឺ Baengnyeong ដែលនៅក្បែរព្រំដែនសមុទ្រដូចគ្នានោះ ក៏ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនរកកន្លែងសុវត្ថិភាព ផងដែរ។
យោធាកូរ៉េខាងត្បូង បាននិយាយថា ការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង គឺជាសកម្មភាពបង្កហេតុ ដែលបង្កើនភាពតានតឹង និងគំរាមកំហែងសន្តិភាពនៃតំបន់ឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ ការបាញ់សព្វាវុធនោះ មិនបានបង្កឱ្យមានការខូចខាតផ្នែកស៉ីវិល ឬយោធានៅកូរ៉េខាងត្បូងឡើយ។ ជាមួយគ្នានេះ យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងចាត់វិធានការឆ្លើយតបសមស្របទៅវិញ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១០ កូរ៉េខាងជើង បានបាញ់កាំភ្លើងធំជាច្រើនគ្រាប់សំដៅមកលើកោះ Yeonpyeong និងបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ ក្នុងនោះរួមមានជនស៉ីវិល២នាក់។ វាគឺជាការវាយប្រហារធ្ងន់បំផុតមួយរបស់ទីក្រុងព្យុងយ៉ាង មកលើប្រទេសកូរ៉េខាងត្បូង គិតចាប់តាំងពីសង្រ្គាមកូរ៉េបានបញ្ចប់ទៅ ក្រោមបទឈប់បាញ់កាលពីឆ្នាំ១៩៥៣។ នាពេលនោះ ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនត្រូវបានបង្ខំធ្វើការវាយប្រហារយ៉ាងដូច្នោះ ដោយសារការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងត្បូង ដែលបានធ្លាក់គ្រាប់ចូលទៅក្នុង ដែនទឹកអធិបតេយ្យរបស់កូរ៉េខាងជើង៕
រូបភាពពី Reuters