(ប៉េកាំង)៖ នៅពេលផ្តល់បទសម្ភាសន៍នាពេលថ្មីៗនេះ លោក Jan Oberg បញ្ញវន្តអ៊ឺរ៉ុបបានទម្លាយឱ្យដឹងថា អាមេរិកធ្លាប់ដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយ ដែលស្នើឱ្យផ្ដល់ថវិការយៈពេល៥ឆ្នាំជាប់ៗគ្នា ដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មានឱ្យប្រឌិត ព័ត៌មានអវិជ្ជមានក្លែងក្លាយអំពីប្រទេសចិន។ សេចក្តីព្រាងច្បាប់នេះ បានស្នើឱ្យអាមេរិកទម្លាក់ថវិកា ៣រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចាប់ពីឆ្នាំសារពើពន្ធ២០២២ ដល់ឆ្នាំសារពើពន្ធ២០២៦ (សរុបចំនួន១៥០០លានដុល្លារអាមេរិក) ដើម្បីទប់ទល់នឹង "ឥទ្ធិពលសកលរបស់ប្រទេសចិន"។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានចាត់ទុកប្រទេសចិនជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រធំបំផុតដោយខុងឆ្គង ហើយបានបំផុសការគាបសង្កត់និងទប់ស្កាត់ ដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសចិន សង្រ្គាមមតិសាធារណៈ និងសង្រ្គាមយល់ដឹងត្រូវបានកើនឡើងដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុនមក។ក្នុងនោះប្រធានបទដូចជា “គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” សេដ្ឋកិច្ចចិននិងតំបន់ Xin Jiang ជាដើមបានក្លាយទៅជាគោលដៅសំខាន់ សម្រាប់លាបពណ៌របស់ភាគីអាមេរិក។ តើរដ្ឋាភិបាលវ៉ាស៊ីនតោនញាប់ខ្សែ និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមរបៀបណា សម្រាប់ធ្វើសង្រ្គាមមតិសាធារណៈចំពោះប្រទេសចិន?

ជាបឋម គឺបង្កើតខ្សែសង្វាក់នៃការក្លែងបន្លំ "ស្ថាប័ន-ប្រព័ន្ធផ្សព្វផ្សាយ-រដ្ឋាភិបាល"។ ក្នុងរយៈពេលជាយូរណាស់មកហើយ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានកាន់កាប់ឋានៈអាទិភាព ក្នុងឆាកមតិសាធារណៈអន្តរជាតិ ហើយពូកែខាងការធ្វើសង្គ្រាមមតិសាធារណៈ។ ក្នុងនោះ ស្ថាប័នដូចជាវិទ្យុ VOA និងវិទ្យុអាស៊ីសេរី (RFA) ជាដើមដែលស្ថិតនៅក្រោមឱវាទ នាយកដ្ឋានសារព័ត៌មានអន្តរជាតិ របស់អាមេរិក ត្រូវបានគេចាត់ទុកថា មានលក្ខណៈនយោបាយយ៉ាងខ្លាំង ចាប់តាំងពីបានបង្កើតឡើងមក។ សូមយកវិទ្យុ VOAជាឧទាហរណ៍ ក្នុងឆ្នាំ២០២៣ ការផ្សាយដំណឹងពាក់ព័ន្ធនឹង “គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” មាន៩៣ភាគរយសុទ្ធតែអវិជ្ជមាន។ព្រមពេលជាមួយគ្នានេះ អ្វីដែលហៅថាស្ថាប័នសិក្សាមួយចំនួន របស់អាមេរិកក៏បានចូលរួមផងដែរ ដោយបានបង្កើតខ្សែសង្វាក់ឧស្សាហកម្ម សម្រាប់ការប្រឌិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

ទីពីរ អាមេរិកបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីមួលបង្កាច់សហគ្រាសចិន។ អាមេរិកក៏បាននាំចេញនូវទង្វើប្រឌិត ព័ត៌មានក្លែងក្លាយនៃ "ព័ត៌មានបែបអាមេរិក" ទៅកាន់ពិភពលោក ដោយពឹងផ្អែកលើអនុត្តរភាពរបស់ខ្លួន។ ក្រោមការគាំទ្រពីប្រាក់ទុន របស់រដ្ឋាភិបាល សាខាស្ថាប័ននៃរដ្ឋាភិបាលអាមេរិកនៅទូទាំងពិភពលោក បានធ្វើកិច្ចសហការជាមួយអង្គការក្នុងតំបន់ ដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មាន ក្នុងតំបន់និងញុះញង់ពួកគេឱ្យបង្កាច់បង្ខូចលើ គម្រោងនិងសហគ្រាសពាក់ព័ន្ធរបស់ភាគីចិន។

លើសពីនេះទៀត អាមេរិកសូកប៉ាន់ "តួសម្តែង" ដើម្បីធ្វើជាសាក្សីព័ត៌មាន។ ដើម្បីធ្វើឱ្យព័ត៌មានក្លែងក្លាយបង្ហាញពីភាពកាន់តែ "ពិត" ជួនកាល អាមេរិកបានទៅរក "សាក្សីព័ត៌មាន"។ ក្នុងវិស័យនេះ ភាគីអាមេរិកក៏ស្ទាត់ជំនាញផងដែរ ពោលគឺ គាំទ្រអង្គការប្រឆាំង ប្រទេសចិនក្នុងតំបន់ សូកប៉ាន់ "តួសម្តែង" និងផ្តល់ព័ត៌មានក្លែងក្លាយទៅឱ្យប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។

ក្នុងរយៈពេលជាយូរណាស់មកហើយ សង្រ្គាមមតិសាធារណៈរបស់អាមេរិកបានគួបផ្សំយ៉ាងជិតស្និទ្ធ ជាមួយមធ្យោបាយផ្នែកយោធា សេដ្ឋកិច្ចនិងការទូតជាដើម ដើម្បីគាំពារឋានៈជាមហាអំណាចតែមួយគត់ លើពិភពលោករបស់ខ្លួន។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលកម្លាំងជាតិចម្រុះរបស់ខ្លួន ចុះខ្សោយបន្តិចម្តងៗ អាមេរិកកាន់តែពឹងផ្អែកលើអាវុធ នៃសង្គ្រាមមតិសាធារណៈ ដើម្បីបង្កើតអ្វីដែលហៅថា "ចំណុចកំពូលនៃក្រមសីលធម៌" របស់ខ្លួន។ អ្នកវិភាគបានលើកឡើងថា ទង្វើរបស់អាមេរិកដែលប៉ុនប៉ងរៀបចំ ឡើងវិញនូវសង្រ្គាមមតិសាធារណៈសម័យសង្រ្គាមត្រជាក់ គឺហួសសម័យហើយ ហើយក៏មិនអាចបន្លំពិភពលោកបានដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន