(តែលអាវីវ)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានបញ្ចេញផែនការរបស់លោក សម្រាប់អនាគតតំបន់ហ្កាហ្សា នៅក្រោយសង្រ្គាមបញ្ចប់ ដោយនិយាយថាទាំងអ៉ីស្រាអែល និងហាម៉ាសនឹងមិនមែនជាអ្នកគ្រប់គ្រងទឹកដីប៉ាឡេស្ទីន មួយនេះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។

ផែនការរបស់លោក Yoav Gallant នឹងត្រូវបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលបានខ្វែងគំនិតគ្នា អស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ ជុំវិញអនាគតតំបន់ហ្កាហ្សា នៅក្រោយសង្រ្គាមបញ្ចប់។ ក្រោមផែនការនេះ សង្រ្គាមរបស់អ៉ីស្រាអែលនៅក្នុង តំបន់ហ្កាហ្សា នឹងត្រូវបន្តធ្វើឡើងរហូតទាល់តែចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង យោធារបស់ក្រុមហាម៉ាសត្រូវបានកម្ទេច និងលុបបំបាត់រាល់ ការគំរាមកំហែងយោធាទាំងឡាយ។

បន្ថែមពីលើនេះ ផែនការនេះក៏បានបញ្ជាក់ដែរថាដំណាក់កាលថ្មីមួយនឹងចាប់ផ្ដើម ដោយក្នុងនោះក្រុមហាម៉ាសនឹងមិនអាចគ្រប់គ្រងតំបន់ហ្កាហ្សា ទៀតនោះទេ ហើយក៏នឹងមិនអាចបង្កការគំរាមកំហែងផ្នែកសន្តិសុខដល់អ៉ីស្រាអែលនោះដែរ ខណៈអាជ្ញាធរប៉ាឡស្ទីនមួយនឹងត្រូវគ្រប់គ្រងហ្កាហ្សា។ ព្រមពេលជាមួយគ្នា អ៉ីស្រាអែលនឹងរក្សាសិទ្ធិគ្រប់យ៉ាងទាំងក្នុងការធ្វើប្រតិបត្តិការនានាក្នុងតំបន់នេះ ប៉ុន្តែនឹងមិនមានវត្តមានជនស៊ីវិលអ៉ីស្រាអែល ណាមួយត្រូវបានបញ្ជូនឱ្យទៅរស់នៅក្នុងតំបន់ហ្កាហ្សានោះទេ បន្ទាប់ពីអ៉ីស្រាអែលសម្រេចគោលដៅរបស់ខ្លួន។

គួរបញ្ជាក់ថា ការបញ្ចេញផែនការពីអនាគតរបស់ហ្កាហ្សា កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខជាតិអ៉ីស្រាអែល លោក Itamar Ben-Gvir កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានអំពាវនាវឱ្យបញ្ជូននិគមជនអ៉ីស្រាអែលទៅរស់នៅក្នុងតំបន់ហ្កាហ្សាឡើងវិញ ក្រោយសង្រ្គាមបញ្ចប់ និងថែមទាំងស្នើឱ្យមានការបណ្ដេញប្រជាជនហ្កាហ្សាទៀតផង។ ការអត្ថាធិប្បាយបែបនេះទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីបណ្ដាប្រទេសអារ៉ាប់ រួមទាំងសហរដ្ឋអាមេរិកផងដែរ៕

រូបភាពពី Xinhua