(វ៉ាស៊ីនតោន)៖ សេតវិមាន បាននិយាយថាកូរ៉េខាងជើង បានផ្គត់ផ្គង់ឱ្យរុស្ស៉ីនូវមីស៊ីលបាលិស្ទីគ និងយានទម្របាញ់មីស៊ីល ដែលត្រូវបានប្រើប្រាស់ នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនកាលពីពេលថ្មីៗនេះ ហើយដែលនេះជាសញ្ញាមួយនៃការបង្កើនការគាំទ្ររបស់ទីក្រុងព្យុងយ៉ាង សម្រាប់ មូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby បានឱ្យដឹងថាមីស៊ីលផ្គត់ផ្គង់ដោយកូរ៉េខាងជើងដែលអាចបាញ់បានក្នុងចម្ងាយ ៩០០គីឡូម៉ែត្រ ត្រូវបានរុស្ស៉ីប្រើប្រាស់នៅក្នុងការវាយប្រហារ ចំនួន២លើក លើអ៊ុយក្រែនក្នុងរយៈពេលមួយសប្ដាហ៍មកនេះ។

«ព័ត៌មានដែលយើងទទួលបាន បានបញ្ជាក់ថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) កាលពីពេលថ្មីៗនេះបានផ្ដល់ឱ្យរុស្ស៉ី នូវ មីស៊ីលបាលិស្ទីគជាច្រើនគ្រាប់ និងជើងទម្រសម្រាប់បាញ់ជាច្រើនគ្រឿង។ នេះគឺជាការបង្កើនការគាំទ្ររបស់កូរ៉េខាងជើងសម្រាប់រុស្ស៉ី»។ នេះជា ការលើកឡើងរបស់លោក John Kirby ប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានជាមួយការបន្ថែមថាកងកម្លាំងរុស្ស៉ីបានបាញ់មីស៊ីលយ៉ាងហោចមួយគ្រាប់ ផ្ដល់ដោយកូរ៉េខាងជើងកាលពីថ្ងៃទី៣០ ខែធ្នូ ហើយមីស៊ីលនេះបានធ្លាក់នៅទីវាលមួយកន្លែងនៃតំបន់ Zaporizhzhia។ ក្រោយមកទើបកងកម្លាំងរុស្ស៉ី បាញ់មីស៊ីលបាលិស្ទីគជាច្រើនគ្រាប់លើអ៊ុយក្រែន ជាផ្នែកមួយការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំកាលពីថ្ងៃទី២ ខែមករា។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន នៅសុក្រនេះដែរបានអំពាវនាវឱ្យបង្កើន ការផលិតយានទម្រសម្រាប់បាញ់មីស៊ីល ដោយចាត់ទុកថានេះជាភារកិច្ចមួយ ដ៏សំខាន់ ដើម្បីត្រៀមលក្ខណៈសម្រាប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ការអំពាវនាវរបស់លោក គីម ជុងអ៊ុន ធ្វើឡើងអំឡុងបំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតយានទម្រសម្រាប់បាញ់មីស៊ីល ជាមួយការសង្កត់ធ្ងន់ថា ការបង្កើនការផលិតយានទម្របាញ់មីស៊ីល ក៏ជាភារកិច្ចមួយដ៏សំខាន់ផងដែរ ក្នុងការពង្រឹងសមត្ថភាពកំញើញនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រឆាំងនឹង សត្រូវ។ សហរដ្ឋអាមេរិកបានចោទប្រកាន់ជាយូរណាស់មកហើយថាទីក្រុងព្យុងយ៉ាងបានផ្ដល់អាវុធឱ្យរុស្ស៉ី ជាថ្នូរនឹងការទទួលបានមកវិញនូវការគំាទ្រ ពីទីក្រុងមូស្គូ ក្នុងការអភិវឌ្ឍផ្កាយរណបស៊ើបការណ៍។ ប៉ុន្តែកូរ៉េខាងជើងក៏តែងតែច្រានចោលការចោទប្រកាន់បែបនេះជារឿយៗដែរ៕

រូបភាពពី AFP