(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកបាត់ខ្លួននៅក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុនបានកើនឡើងដល់ ១៧៩ នាក់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីរងគ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ ដែលបានវាយប្រហារខេត្តនេះ និងតំបន់ជុំវិញរបស់វា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។

ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីបានកើនឡើងដល់ ៨៤ នាក់ហើយ ខណៈក្រុមសង្រ្គោះបន្តព្យាយាមស្វែងរកពួកអ្នកដែលបាត់ខ្លួន ៣ថ្ងៃមកហើយ បន្ទាប់ពីគ្រោះមហន្តរាយនេះ។

ក្រសួងអប់រំ និងវប្បធម៌ជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានបំផ្លិចបំផ្លាញសាលារៀន និងសម្ភារៈបរិក្ខារចំនួន ២៧៦ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិវប្បធម៌សំខាន់ៗចំនួន ២០ ករណី នៅតំបន់រងគ្រោះដោយរញ្ជួយដីនៅតាមបណ្តោយសមុទ្រជប៉ុន។

គួរបញ្ជាក់ថា ការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៦ រ៉ិចទ័រ បានវាយប្រហារកាលពីថ្ងៃចន្ទនៅជម្រៅរាក់នៅក្នុងតំបន់ Noto នៃទីក្រុង Ishikawa ។ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ដាក់​ឈ្មោះ​ការ​រញ្ជួយ​ដី​នេះ​ជា​ផ្លូវការ​ថា គ្រោះ​រញ្ជួយដី​​ឧបទ្វីបណូតូ ឆ្នាំ ២០២៤។ ទាហាន អ្នកពន្លត់អគ្គីភ័យ និងប៉ូលិសរាប់ពាន់នាក់មកពីទូទាំងប្រទេសជប៉ុន កំពុងស្វែងរកមនុស្ស នៅតាមគំនរបាក់បែកនៃផ្ទះឈើ និងអគារពាណិជ្ជកម្មដែលដួលរលំ ដោយសង្ឃឹមថានឹងមាននៅមានជីវិត៕

រូបភាពពី ស៊ីនហួរ