(ហ្កាហ្សា)៖ ចាប់តាំងពីសង្រ្គាមក្នុងតំបន់ហ្កាហ្សាផ្ទុះឡើង ក្រោយការវាយប្រហារពីសំណាក់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក អាជ្ញាធរអ៉ីស្រាអែលបានបង្កើនដាក់គោលដៅតាមសម្លាប់មេដឹកនាំកំពូលៗជាច្រើននាក់របស់ក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ក្នុងនោះរួមមានទាំងការសម្លាប់ បងទី២ របស់ក្រុមហាម៉ាស គឺលោក Saleh al-Arouri នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូន ក្នុងទីក្រុងបេរូត ប្រទេសលីបង់កាលពីយប់ថ្ងៃអង្គារ ទី២ ខែមករាកន្លងទៅ។

ហាម៉ាសដែលត្រូវបានបង្កើតក្នុងឆ្នាំ១៩៨៧ អំឡុងព្រឹត្តិការណ៍ intifada ឬការបះបោរលើកទី១របស់ប្រជាជនប៉ាឡេស្ទីនប្រឆាំងនឹងអ៉ីស្រាអែល បានគ្រប់គ្រង តំបន់ហ្កាហ្សាចាប់តាំងពីឆ្នាំ២០០៧។ ខាងក្រោមនេះជាបញ្ជីឈ្មោះមេដឹកនាំកំពូលៗរបស់ហាម៉ាសដែលអ៉ីស្រាអែលតាមកម្ទេច៖

១. មហាំម៉ាត់ ឌីហ្វ (Mohammed Deif) ជាសត្រូវទី១របស់អ៉ីស្រាអែល
មហាំម៉ាត់ ឌីហ្វ គឺជាមនុស្សម្នាក់ដែលអ៉ីស្រាអែលជឿជាក់ថាជាមេគំនិតរៀបចំការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងអ៉ីស្រាអែល។ មហាំម៉ាត់ ឌីហ្វ ជាមេបញ្ជាការម្នាក់នៃកងពលតូច al-Qassam ហើយបានដឹកនាំប្រតិបត្តិការយោធារបស់ក្រុមហាម៉ាសចាប់តាំងពីឆ្នាំ២០០២មក។ លោកបានចូលរួមជាមួយហាម៉ាស ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោយចំណាយពេលធ្វើជាប្រធានសម្ព័ន្ធនិស្សិតនៃអង្គការ Muslim Brotherhood និងបានស្ថិតក្នុងបញ្ជីខ្មៅរបស់ចារកម្មអ៉ីស្រាអែល អស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ លោក មហាំម៉ាត់ ឌីហ្វ កើតនៅក្នុងជំរំជនភៀសខ្លួនមួយក្នុងទីក្រុង Khan Younis នៃតំបន់ហ្កាហ្សា ក្នុងឆ្នាំ១៩៦០។ នៅក្រោម ការដឹកនាំរបស់បុរសម្នាក់នេះឯង កងពលតូច al-Qassam មានគ្រាប់រ៉ុក្កែតទំនើបៗ ក្នុងការវាយប្រហារលើអ៉ីស្រាអែលចេញពីផ្លូវរូងក្រោមដី ក្នុងតំបន់ហ្កាហ្សា។

អ៉ីស្រាអែលបានចោទប្រកាន់លោក មហាំម៉ាត់ ឌីហ្វ ថាជាមេគំនិតម្នាក់នៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតប្រឆាំងអ៉ីស្រាអែល អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ និងពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៦។ អ៉ីស្រាអែល បានព្យាយាមតាមសម្លាប់មេដឹកនាំហាម៉ាសរូបនេះជាច្រើនលើក ដូចជាក្នុងឆ្នាំ២០០២ ២០០៣ និងឆ្នាំ២០០៦។ ការប៉ុនធ្វើឃាតចុងក្រោយបំផុត ត្រូវបានក្រុមមន្ត្រីអ៉ីស្រាអែលនិយាយថាធ្វើឱ្យមហាំម៉ាត់ ឌីហ្វ ពិការជើង តែក្រុមហាម៉ាសមិនដែលទទួលស្គាល់ការអះអាងនេះទេ។ ក្នុងឆ្នាំ២០១៤ ប្រពន្ធ និងកូនរបស់លោក ២នាក់ ត្រូវបានសម្លាប់ នៅពេលអ៉ីស្រាអែលទម្លាក់គ្រាប់បែកលើផ្ទះរបស់ពួកគេ ស្ថិតក្នុងទីក្រុងហ្កាហ្សា។

២. អ៉ីស្មាអែល ហានីយេះ (Ismail Haniyeh) មេដឹកនាំនយោបាយរបស់ហាម៉ាស
Ismail Haniyeh កើតនៅជំរំជនភៀសខ្លួនដ៏ណែនណាន់តាន់តាប់មួយក្នុងតំបន់ហ្កាហ្សា ក្នុងឆ្នាំ១៩៦៣។ រូបលោកក៏ស្ថិតក្នុងបញ្ជីខ្មៅរបស់អ៉ីស្រាអែលជាយូរមកហើយ ដែរ។ លោក Haniyeh បានក្លាយជាមេដឹកនាំផ្នែកនយោបាយរបស់ហាម៉ាស នៅខែឧសភា ឆ្នាំ២០១៧ និងត្រូវបានគេជឿជាក់ថាកំពុងរស់នៅដោយធ្វើដំណើរទៅមក រវាងតួកគី និងកាតា ចាប់តាំងពីលោកស្ម័គ្រចិត្តរស់នៅនិរទេសខ្លួនឯងក្នុងខែធ្នូ ឆ្នាំ២០១៩។ មេដឹកនាំហាម៉ាសរូបនេះទទួលបានសញ្ញាប័ត្រផ្នែកអក្សរសាស្ត្រអារ៉ាប់ មុននឹងចូលរួមជាមួយក្រុមហាម៉ាស នៅឆ្នាំ១៩៨៨។ លោក Haniyeh ធ្លាប់ជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែលជាច្រើនឆ្នាំ អំឡុងចុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ ឆ្នាំ១៩៩០ ដោយអ៉ីស្រាអែលចោទរូបលោកថាលួចលាក់ដឹកនាំក្រុមប្រដាប់អាវុធហាម៉ាស។ លោកបានវិលត្រឡប់ចូលហ្កាហ្សាវិញក្នុងឆ្នាំ១៩៩៣ និងត្រូវបានតែងតាំង ជាព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ Islamic University of Gaza។

អតីតរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Shaul Mofaz ធ្លាប់បានគំរាមសម្លាប់លោក Haniyeh ដោយឥតលាក់លៀម។ លោក Mofaz ផ្ទាល់ ក្នុងការផ្សាយផ្ទាល់តាម វិទ្យុអ៉ីស្រាអែល ក៏ធ្លាប់ព្រមានទៀតផងថាលោក Haniyeh ដែលបានរួចផុតពីការប៉ុនប៉ងធ្វើឃាតក្នុងឆ្នាំ២០០៣ នឹងមិនរួចខ្លួនឡើយ ប្រសិនបើក្រុមហាម៉ាសនៅតែបន្ត ធ្វើសកម្មភាពប្រឆាំងអ៉ីស្រាអែល។ លោក Haniyeh បានជាប់ឆ្នោតជាមេដឹកនាំផ្នែកនយោបាយរបស់ហាម៉ាសសាជាថ្មីក្នុងឆ្នាំ២០២១។ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយហាម៉ាសបានរាយការណ៍ថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បានកំណត់គោលដៅផ្ទះរបស់ក្រុមគ្រួសារលោក Haniyeh ក្នុងទីក្រុងហ្កាហ្សា។

៣. លោក សាឡេះ អាល់អារូរី (Saleh al-Arouri) អតីតបងទី២ របស់ហាម៉ាស
លោក Saleh al-Arouri ត្រូវបានតែងតាំងជាអនុប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាសក្នុងឆ្នាំ២០១៧ និងត្រូវបានចាត់ទុកជាអ្នកនយោបាយដ៏សំខាន់ម្នាក់ របស់ហាម៉ាស។ លោក Arouri ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនលើទីក្រុងបេរូត ប្រទេសលីបង់ កាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ខណៈក្រុមហាម៉ាស និងមន្ត្រីសន្តិសុខលីបង់ ចោទថាជាស្នាដៃរបស់អ៉ីស្រាអែល។ អ៉ីស្រាអែល និងសហរដ្ឋអាមេរិកបានចោទថាលោក Arouri គឺជាអ្នកត្រួតពិនិត្យ និងដឹកនាំការធ្វើប្រតិបត្តិការយោធារបស់ក្រុមហាម៉ាសនៅក្រៅតំបន់ហ្កាហ្សា។ លោក Arouri បានជាប់ក្នុងបញ្ជីខ្មៅអាមេរិកចាប់តាំងពីឆ្នាំ២០១៥ ហើយក្រសួងការបរទេសអាមេរិកក៏ធ្លាប់បានប្រកាសផ្ដល់រង្វាន់ ៥លានដុល្លារផងដែរ សម្រាប់ការផ្ដល់ព័ត៌មានទាំងឡាយណានាំទៅរកការកំណត់ទីតាំងលាក់ខ្លួនរបស់ បងទី២នៃក្រុមហាម៉ាសរូបនេះ។ លោក Arouri ធ្លាប់ជាប់គុកនៅអ៉ីស្រាអែលចន្លោះពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១០ និងក្រោយមកត្រូវបានបណ្ដេញទៅស៊ីរី មុននឹងទៅ តួកគី និងចុងក្រោយគេទៅរស់នៅក្នុងប្រទេសលីបង់។ កងទ័ពអ៉ីស្រាអែលបានកម្ទេចផ្ទះគ្រួសាររបស់លោក ក្នុងតំបន់ West Bank កាលពីថ្ងៃទី៣១ ខែតុលា។

៤. ម៉ារ៉ាវ៉ាន់ អ៉ីស្ហា (Marwan Issa) មានរហ័ស្សនាមថា «បុរសស្រមោល»
Marwan Issa មានអាយុ៥៨ឆ្នាំ គឺជាដៃស្ដាំរបស់មហាំម៉ាត់ ឌីហ្វ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល Marwan Issa ត្រូវបានចាត់ទុកជាគោលដៅតាមកម្ទេច ដ៏សំខាន់មួយដែររបស់ចារកម្មអ៉ីស្រាអែល។ លោក Issa ជាអគ្គមេបញ្ជាការរងរបស់ក្រុមហាម៉ាស។ ដូចគ្នាទៅនឹងលោក ឌីហ្វដែរ លោក Issa បានរួចផុតពីការប៉ុនប៉ង ធ្វើឃាតជាច្រើនលើក ក្នុងនោះរួមមានទាំងការប៉ុនប៉ងធ្វើឃាតក្នុងឆ្នាំ២០០៦។ នេះបើតាមកាសែតអ៉ីស្រាអែល Yedioth Ahronoth។ កាសែតអ៉ីស្រាអែល នេះដដែល ក៏បានរាយការណ៍ដែរថាផ្ទះរបស់លោក Issa រងការទម្លាក់គ្រាប់បែក ២លើក ក្នុងឆ្នាំ២០១៤ និង២០២១។

៥. យះយ៉ា ស៊ីនវ៉ា (Yahya Sinwar) មេដឹកនាំតំបន់ហ្កាហ្សា
លោក Yahya Sinwar ជាប់ឆ្នោតជាមេដឹកនាំតំបន់ហ្កាហ្សា ក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ជាមុខតំណែងមួយធ្លាប់ត្រូវបានកាប់កាប់ដោយលោក Haniyeh។ លោក Yahya ជាអ្នកនយោបាយហាម៉ាសដ៏សំខាន់មួយរូប កើតក្នុងឆ្នាំ១៩៦២ នៅក្នុងទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងហ្កាហ្សា។ លោកក៏ជាស្ថានិកមួយរូប នៃកងពលតូច al-Qassam រួមទាំងកងកម្លាំង Majd ជាសេវាសន្តិសុខរបស់ក្រុមហាម៉ាសដែលគ្រប់គ្រងសន្តិសុខផ្ទៃក្នុងសម្រាប់ក្រុមទាំងមូល។

ក្រោយត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអ៉ីស្រាអែល ក្នុងឆ្នាំ១៩៩៨ លោក Sinwar ធ្លាប់ត្រូវបានអ៉ីស្រាអែលដាក់ពន្ធនាគារក្រោមបទល្មើសចំនួន៤ ដែលសុទ្ធសឹងជា ទោសជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែ ក្នុងខែតុលា ឆ្នាំ២០១១ អ៉ីស្រាអែលបានដោះលែងរូបលោក នៅក្រោមកិច្ចព្រមព្រៀងដោះដូរអ្នកទោសប៉ាឡេស្ទីនជាង ១០០០នាក់ ជាថ្នូរនឹងការដោះលែងទាហានអ៉ីស្រាអែលម្នាក់ឈ្មោះ Gilad Shalit ដែលត្រូវបានហាម៉ាសឃុំខ្លួនអស់រយៈពេល៥ឆ្នាំ។

៦. ខឡេដ មីសហាល់ (Khaled Meshaal) មេដឹកនាំហាម៉ាសនិរទេសខ្លួន
លោក Khaled Meshaal ជាមេដឹកនាំម្នាក់របស់ក្រុមហាម៉ាស ដែលកំពុងរស់នៅនិរទេសខ្លួននៅឯបរទេសអស់រយៈពេលយ៉ាងយូរ មុននឹងរូបលោកត្រូវបានជំនួស តំណែងដោយលោក Ismail Haniyeh។ ជាមនុស្សម្នាក់ប្រឆាំងដាច់ខាតនឹងការចរចាសន្តិភាពជាមួយអ៉ីស្រាអែល លោក Meshaal បានចាកចេញពីទីកន្លែងកំណើត របស់លោកក្នុងតំបន់ West Bank ក្នុងឆ្នាំ១៩៦៧ ទៅរស់នៅក្នុងប្រទេសកូវ៉ែត និងបានចូលរួមក្នុងអង្គការ Muslim Brotherhood។ លោកក៏បានចូលរួមចំណែក ក្នុងការបង្កើតក្រុមហាម៉ាសផងដែរ និងបានកាន់តំណែងជាមេដឹកនាំការិយាល័យនយោបាយរបស់ហាម៉ាសក្នុងឆ្នាំ១៩៩៦។ លោក Meshaal បានចាកចេញពីកូវ៉ែត ទៅរស់នៅប្រទេសហ្ស៊កដានីក្នុងឆ្នាំ១៩៩០។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល Mossad បានព្យាយាមសម្លាប់រូបលោកក្នុងឆ្នាំ១៩៩៧ តាមរយៈការចាក់ថ្នាំ បំពុល។ តែចារកម្ម Mossad ២នាក់ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរហ្ស៊កដានីនៅពេលនោះ។ ក្រោមសម្ពាធពីអាមេរិក និងហ្ស៊កដានី នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានយល់ព្រមផ្ដល់ថ្នាំបន្សាបជាតិពុលឱ្យលោក Meshaal ជាថ្នូរនឹងការដោះលែងចារកម្ម Mossad ទាំង២នាក់។ លោក Meshaal បានរួចផុតពីស្លាប់។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក អ៉ីស្រាអែលបានសម្លាប់មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស ជាច្រើននាក់ក្នុងនោះរួមមាន ហ្សាការីយ៉ា អាប៊ូ ម៉ាអាម៉ា (Zakaria Abu Maamar) និងចាវ៉ាដ អាប៊ូ សាំម៉ាមឡា (Jawad Abu Shammala) លោក ម៉េរ៉ាដ អាប៊ូ ម៉េរ៉ាដ (Merad Abu Merad) និងអាលីកាឌី (Ali Qadi) ដោយអ្នកទាំងនេះសុទ្ធតែត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា លើកលែងតែលោក Saleh al-Arouri ជាមេដឹកនាំហាម៉ាស ដំបូងម្នាក់ ត្រូវបានសម្លាប់នៅក្រៅតំបន់ហ្កាហ្សា ចាប់តាំងសង្រ្គាមអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងមក៕

Zakaria Abu Maamar and Jawad Abu Shammala