(តេហេរ៉ង់)៖ អ៊ីរ៉ង់បានប្រារព្ធពិធីកាន់ទុក្ខមួយនៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) សម្រាប់មនុស្សយ៉ាងតិច ៨៤នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន ២ ដង ក្នុងហ្វូងមនុស្សដែលកំពុងប្រារព្ធពិធីរំលឹកខួបវិញ្ញាណក្ខន្ធ របស់ឧត្តមសេនីយឆ្មាំបដិវត្តន៍ លោក Qasem Soleimani ដែលបានស្លាប់ដោយការវាយប្រហារដោយដ្រូនរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។

មិនទាន់មាន ក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារទេ។ តែអនុប្រធានផ្នែកកិច្ចការនយោបាយរបស់ប្រធានាធិបតីអ៉ីរ៉ង់ លោក Mohammad Jamshidi បានសរសេរនៅលើបណ្ដាញសង្គម X ថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែលគឺជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលលោកហៅថា ជាការវាយប្រហារភេរវកម្មប្រឆាំងអ៉ីរ៉ង់។

ចំណែក ប្រធានាធីបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានថ្កោលទោសដោយចាត់ទុកថាការវាយប្រហារ បំផ្ទុះគ្រាប់បែកនោះ ជាទង្វើឃោរឃៅគ្មានមនុស្សធម៌ ខណៈមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Khamenei បានសន្យាសងសឹកវិញយ៉ាងចាស់ដៃ ចំពោះអ្នកនៅពីក្រោយការវាយប្រហារនេះ។

គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែក ២លើក បានកើតឡើងនៅក្បែរផ្នូរបញ្ចុះសពមួយ ក្នុងទីក្រុង Kerman នាឱកាសដែលមនុស្សម្នាជាច្រើន នាក់បានចូលរួមពិធីរំឮកវិញ្ញាណក្ខន្ធនៃខួបឆ្នាំនៃការសម្លាប់អតីតឧត្តមសេនីយ៍អ៉ីរ៉ង់ លោក Qasem Soleimani ក្នុងការវាយប្រហារយន្ដហោះដ្រូន របស់សហរដ្ឋអាមេរិក ក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។

ភាពតានតឹងក្នុងតំបន់បានកើនឡើង ចំពេលដែលសង្រ្គាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើង នៅពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ បានចាប់ផ្តើមការវាយប្រហារយ៉ាងសាហាវរបស់ពួកគេនៅថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលទីក្រុងតេអេរ៉ង់បានស្វាគមន៍ ខណៈពេលដែលបដិសេធការជាប់ពាក់ព័ន្ធណាមួយ៕