(ប៉េកាំង)៖ មនុស្សចំនួន ៥នាក់ នៅទីប្រជុំជនភាគនិរតីនៃប្រទេសចិន បានរងរបួសកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយសារតែត្រូវគ្រាប់កាំភ្លើងធំដែលបាញ់រំលងព្រំដែន ខណៈការប្រយុទ្ធគ្នារវាងយោធានៃរបបសឹកមីយ៉ានម៉ា និងក្រុមចលនាតស៊ូប្រដាប់អាវុធនៅតែកើតមាន ទោះបីជាកំពុងចរចាគ្នា។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Global Times នៅថ្ងៃព្រហស្បតិ៍ ខែមករា ឆ្នាំ២០២៤។

សេចក្តីរាយការណ៍របស់ Global Times បានឲ្យដឹងថា ក្រុមមន្រ្តីនៅទីក្រុង Zhenkang នៃខេត្ត Yunnan បានបញ្ជាក់ពីការបាញ់ផ្លោងចេញពីទីក្រុង Laukkai នៃរដ្ឋ Kokang របស់មីយ៉ាន់ម៉ា ដែលធ្លាក់មកលើទីក្រុង Nansan ជាទីប្រជុំជនមួយនៅក្រោមការគ្រប់គ្រងរបស់ខ្លួន នៅម៉ោងប្រហែល ២រសៀលថ្ងៃពុធ (ម៉ោងក្នុងតំបន់)។ អ្នក​រង​របួស​ទាំង​៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ កាលពីសប្តាហ៍មុន ស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ា បានណែនាំដល់ពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញពីទីក្រុង Laukkai នេះឲ្យឆាប់តាមដែលអាចធ្វើទៅបាន ដោយសារតែស្ថានភាពសន្តិសុខនៅទីនោះ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ រដ្ឋ Kokang របស់មីយ៉ាន់ម៉ា បានក្លាយជាតំបន់ដែលពោរពេញដោយអំពើហិង្សា និងភាពវឹកវរ។ កាលពីឆ្នាំ ២០១៥ ក៏មានការបាញ់ផ្លោងហោះឆ្លងព្រំដែនខេត្ត Yunnan ផងដែរ ចំពោះមុខការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងក្រុមចលនាតស៊ូប្រដាប់អាវុធ បណ្តាលឲ្យជនជាតិចិនម្នាក់ និងជនជាតិមីយ៉ាន់ម៉ា ៥នាក់រងរបួស ធ្វើឲ្យប៉េកាំងមានការខឹងសម្បារ៕

រូបភាពពី Reuters