(មូស្គូ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អ៊ុយក្រែននិងរុស្ស៉ីបានប្រកាសពី ការដោះដូរអ្នកទោសសង្រ្គាមទៅវិញទៅមក ដែលជាលើកដំបូងបើគិតក្នុងរយៈពេលជិត៥ខែ ដោយឈ្លើយសឹកប្រមាណជាង២០០នាក់ ត្រូវបានដោះលែងដោយភាគីម្ខាងៗ ហើយបើតាមភាគីទាំងពីរ វាត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរការចរចាដ៏ស្មុគស្មាញមួយ ដែលមានការចូលរួមជួយសម្រុះសម្រួល ពីសំណាក់អេមីរ៉ាតអារ៉ាប់រួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។
ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា សមាជិកយោធារុស្ស៉ីចំនួន២៤៨នាក់ ត្រូវបានអ៊ុយក្រែនដោះលែង ខណៈខាងទីក្រុងកៀវបានអះអាងថា ខ្លួនទទួលបានមនុស្សសរុប២៣០នាក់មកវិញ ក្នុងនោះមានទាហាន២២៤នាក់ និងជនស៉ីវិល៦នាក់ បន្ទាប់ការដោះលែងដោយរុស្ស៉ី។ បើតាមអ៊ុយក្រែន វាគឺជាការដោះលែងឈ្លើយសឹកចំនួនច្រើនបំផុតរវាងភាគីទាំងពីរ បើគិតតាំងពីការចាប់ផ្តើមនៃសង្រ្គាម មកទល់នឹងពេលនេះ។
ចំណែក ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម ក៏បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ ការចូលរួមតួនាទីរបស់ខ្លួនដែរ ដោយនិយាយថា ការដោះដូរអ្នកទោសសង្រ្គាម រវាងរុស្ស៉ីនិងអ៊ុយក្រែននេះ អាចកើតមានឡើងទៅបាន ដោយសារតែទំនាក់ទំនងជាមិត្តយ៉ាងរឹងមាំរបស់ខ្លួន ទាំងជាមួយទីក្រុងមូស្គូ និងទាំងជាមួយទីក្រុងកៀវ។ យោងតាមសេចក្តីថ្លែងការណ៍ដដែល អេមីរ៉ាត់អារ៉ាប់រួម ក៏បានបន្តស្នើជួយប្រទេសទាំងពីរ ស្វែងរកដំណោះស្រាយសន្តិភាព សម្រាប់សង្រ្គាមផងដែរ។
គួរបញ្ជាក់ថា ទោះបីជាមិនសូវមានការចរចាគ្នា ស្តីពីមធ្យោបាយដើម្បីបញ្ចប់សង្រ្គាម ដែលមកទល់ឥឡូវអូសបន្លាយពេល២២ខែ មកហើយក៏ដោយ ទាំងទីក្រុងមូស្គូនិងទីក្រុងកៀវ បានធ្វើការដោះដូរឈ្លើយសឹកជាច្រើនលើក គិតចាប់តាំងអំលុងប៉ុន្មានខែដំបូង ក្រោយសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ក៏ប៉ុន្តែអត្រានៃការដោះដូរអ្នកទោសសង្រ្គាម រវាងភាគីទាំងពីរ បានថយចុះវិញកាលពីក្នុងឆ្នាំ២០២៣។ មុនឈានដល់ការដោះដូរខាងលើ លើកចុងក្រោយដែលរុស្ស៉ីនិងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកគ្នា គឺកាលពីខែសីហា ឆ្នាំមុន៕
រូបភាពពី Reuters