(សេអ៊ូល)៖ នាថ្ងៃព្រហស្បតិ៍នេះ វេជ្ជបណ្ឌិតកូរ៉េខាងត្បូង បានឱ្យដឹងថា មេបក្សប្រឆាំងធំជាងគេនៃប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានបញ្ជូនចេញពីបន្ទប់សង្រ្គោះបន្ទាន់ ICU ហើយ និងកំពុងជាសះស្បើយពីរបួស ក្រោយទទួលការវះកាត់ជួសជុលសរសៃឈាមធំមួយ ដែលបានដាច់ អំលុងពេលរូបលោករងការវាយប្រហារដោយកាំបិត កាលពី២ថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។

លោក Min Seung-kee ជាវេជ្ជបណ្ឌិតដែលបានធ្វើប្រតិបត្តិការវះកាត់លើលោក Lee បាននិយាយក្នុងសន្និសីទសារព័ត៌មានថា លោក Lee នៅត្រូវបន្តស្ថិតក្រោម ការពិនិត្យតាមដានបន្ថែម ដ្បិតស្នាមរបួសចំសរសៃឈាមខាងលើ តម្រូវឱ្យមានវិធីសាស្រ្តលំបាកក្នុងការជួសជុល ហើយលទ្ធភាពនៃការកើតមានបញ្ហាស្មុគស្មាញផ្សេងៗ ក្រោយការវះកាត់ គឺមិនទាន់អាចបដិសេធទាំងស្រុង នោះទេ។ ទោះជាបែបនេះក្តី លោក Min បាននិយាយថា សំណាងល្អ ស្ថានភាពរបួសរបស់លោក Lee កំពុងតែជាសះស្បើយក្នុងកម្រិតយ៉ាងប្រសើរមួយ។

គួរបញ្ជាក់ថា លោក Lee Jae-myung បានរងការវាយប្រហារដោយកាំបិតពីសំណាក់ បុរសម្នាក់មានអាយុខ្ទង់៦០ឆ្នាំ ដែលបានបន្លំ​ធ្វើជាអ្នកគាំទ្ររូបលោក អំលុងពេលដែលលោក Lee កំពុងជួបសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រ និងក្រុមអ្នកកាសែត។ ហេតុការណ៍នោះ បានកើតឡើងនៅទីក្រុង Busan ហើយជនដៃដល់ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗនៅនឹងកន្លែង។ សមាជិកគណបក្ស​របស់លោក Lee ដែលបានថ្កោលទោសធ្ងន់ៗចំពោះការវាយប្រហារនេះ បានលើកឡើងថា ប្រសិនបើជនដៃដល់ចាក់ត្រូវចំសរសៃឈាមសំខាន់វិញនោះ ម៉្លេះលោក Lee ប្រហែលជាបានបាត់បង់ជីវិត​ បាត់ទៅហើយ៕

រូបភាពពី AFP