(ដាក្កា)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ កងទ័ពត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសបង់ក្លាដែស ចំពោះមុខភាពភ័យខ្លាចអំពីការផ្ទុះអំពើហិង្សា ខណៈការបោះឆ្នោតសកល នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។
គណបក្ស BNP ដែលជាបក្សប្រឆាំងធំជាងគេក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ បានប្រកាសថា នឹងមិនចូលរួមការបោះឆ្នោតខាងលើឡើយ ក្រោមហេតុផលថា វាគឺជាការបោះឆ្នោតក្លែងក្លាយ បន្ទាប់ពីនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានប្រកាន់ជំហរយ៉ាងរឹងមាំ មិនទទួលយកការទាមទាររបស់ខ្លួន ដែលចង់ឱ្យលោកស្រីលាលែងពីតំណែង រួចផ្ទេរអំណាចឱ្យរដ្ឋាភិបាលអព្យាក្រឹតមួយ ដើម្បីត្រួតពិនិត្យនិងគ្រប់គ្រងដំណើរការបោះឆ្នោត។
លោកស្រី Hasina បានទម្លាក់កំហុសលើគណបក្ស BNP សម្រាប់ការដុតបញ្ឆេះ ឱ្យមានចលនាបាតកម្មហិង្សាប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើឱ្យកក្រើករដ្ឋធានីដាក្កា កាលពីខែតុលា ឆ្នាំ២០២៣ ហើយបណ្តាលឱ្យមនុស្សយ៉ាងហោច១០នាក់ បាត់បង់ជីវិត។ ខណៈការបោះឆ្នោតខិតជិតមកដល់ ប្រជាជនបង់ក្លាដែសកំពុងភ័យព្រួយថា អំពើហិង្សាអាចនឹងផ្ទុះឡើងសាជាថ្មី។
គួរបញ្ជាក់ថា លោកស្រី Sheikh Hasina ដែលបានកាន់អំណាចតាំងតែពីឆ្នាំ២០០៩មក ត្រូវបានចោទប្រកាន់ថា អនុវត្តរបបដឹកនាំប្រទេសបែបផ្តាច់ការ រំលោភសិទ្ធិមនុស្ស បំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ធ្វើទុក្ខបុកម្នេញសកម្មជនប្រឆាំង និងចាប់អ្នករិះគន់ដាក់ពន្ធនាគារ។ គូប្រជែងធំរបស់លោកស្រី និងធ្លាប់ជានាយករដ្ឋមន្រ្តីបង់ក្លាដែស២លើក គឺមេដឹកនាំគណបក្ស BNP លោកស្រី Khaleda Zia កំពុងតែស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ ក្រោមបទចោទប្រកាន់អំពើពុករលួយ ខណៈកូនប្រុសលោកស្រី Zia គឺលោក Tarique Rahman ដែលជាប្រធានស្តីទីរបស់បក្ស BNP កំពុងរស់នៅនិរទេសខ្លួន ក្រោយរងការចោទប្រកាន់បទល្មើសមួយចំនួន៕