(តូក្យូ)៖ ប៉ូលិសនៅប្រទេសជប៉ុនបានឱ្យដឹងថា កាលពីថ្ងៃពុធសប្តាហ៍នេះ មនុស្ស៣នាក់ បានរងរបួសក្នុងករណីវាយប្រហារដោយកាំបិត នៅស្ថានីយរថភ្លើងមួយកន្លែង ក្នុងទីក្រុងតូក្យូ ហើយពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈស្រ្តីម្នាក់ដែលជាអ្នកកាន់កាំបិតនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យស្ថាប័នប៉ូលិសប្រចាំតំបន់ Tokyo Metropolitan បាននិយាយថា ខាងអង្គភាពប៉ូលិស ទទួលបានការហៅទូរស័ព្ទបន្ទាន់មួយ នៅខ្ទង់ម៉ោងជិត ១១យប់ (ពេលវេលាក្នុងតំបន់) ដែលបានរាយការណ៍ថា មានករណីស្រ្តីម្នាក់ប្រដាប់ដោយកាំបិត បានបង្កឱ្យមនុស្សប្រុស៣នាក់ ទទួលរងរបួសនៅចំណុចខ្សែរថភ្លើង Yamanote នៃស្ថានីយ Akihabara។

គួរបញ្ជាក់ថា ស្រ្តីម្នាក់នោះត្រូវបានប៉ូលិសឃាត់ខ្លួន ខណៈស្ថានភាពរបស់​អ្នករងរបួស មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយ។ យ៉ាងណាក្តី បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន គឺមិនមានជនរងគ្រោះណាម្នាក់ រងរបួសដែលគំរាមកំហែងដល់អាយុជីវិត នោះទេ៕

រូបភាពពី Reuters